រដ្ឋាភិបាលហ្វីលីពីនគ្រោងតំបន់សេដ្ឋកិច្ចពិសេស នៅទីក្រុងម៉ានីល ដោយគម្រូពីសិង្ហបុរី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលហ្វីលីពីនកំពុងរៀបចំផែនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស (SEZ) នៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ដោយយកគម្រូតាមប្រទេសសិង្ហបុរី។នេះបើយោងតាមសារពត៌មាន The Strait Times។

ប្រទេសហ្វីលីពីនគ្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រកបដោយតម្លៃសមរម្យ ដែលបំផុសគំនិតដោយការសាងសង់ផ្ទះល្វែងប្រភេទ HDB របស់ប្រទេសសិង្ហបុរី និងការអភិវឌ្ឍន៍អគារអាកាសចរណ៍ស៊ីវិល ដែលមានស្រាប់ឱ្យក្លាយទៅជាមជ្ឈមណ្ឌលសកលលោកដូចអាកាសយានដ្ឋានសិង្ហបុរី Changi Airport។

ការអភិវឌ្ឍន៍ទាំងនេះរួមមាន ការកសាងកន្លែងលេងកីឡា និងកន្លែងកម្សាន្តដែលអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មដែលនឹងគាំទ្ររបៀបវារៈសន្តិសុខស្បៀងរបស់លោកប្រធានាធិបតី Ferdinand Marcos ។Philippines plans development of SEZ, with Singapore-inspired housing and  aviation hub | The Straits Timesរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan ដែលបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ប្រទេសហ្វីលីពីននៅថ្ងៃទី១៨ ខែមេសា បានលើកឡើងថា សិង្ហបុរីទន្ទឹងរង់ចាំផ្លាស់ប្តូរគំនិតយោបល់ជាមួយប្រទេសហ្វីលីពីន។

ជាមួយគ្នានេះ ក្រុមមន្ត្រីហ្វីលីពីនបានរៀបចំជូនលោករដ្ឋមន្ត្រីនូវដំណើរទស្សនកិច្ចជុំវិញសហគមន៍ New Clark City នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Clark ស្ថិតក្នុងខេត្ត Tarlac ប្រទេសហ្វីលីពីន ខណៈពីមុន តំបន់នេះគឺជាមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ធ្លាប់បានមានប្រសាសន៍ឱ្យដឹងកាលពីខែកុម្ភៈកន្លងទៅថា “លោកមានបំណងធ្វើឱ្យសហគមន៍ New Clark ក្លាយជាទីក្រុងឆ្លាតវៃដំបូងគេរបស់ប្រទេសហ្វីលីពីន ដែលត្រូវបានបំផុសគំនិត និងយកលំនាំតាមហេដ្ឋារចនាសម្ព័ន្ធ និងគំរូនៃការអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរី”។

បច្ចុប្បន្ន ក្រុមហ៊ុនសិង្ហបុរីចំនួន១៦ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេស Clark ដែលមានបុគ្គលិកជាង១.៦០០នាក់ និងបង្កើតការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១៣៩,៩២លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២៣។ ជាមួយគ្នានេះ គេសង្កេតឃើញមានក្រុមហ៊ុនអាជីវកម្មក្នុងស្រុក និងបរទេសជាង១.០០០ក្រុមហ៊ុន ដែលបានចូលមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ៕ប្រភព: The Strait Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here