ការសិក្សា: ប្រទេសចិនត្រូវចំណាយថវិកាជាង២ទ្រីលានដុល្លារ ដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាពីក្រុមហ៊ុន Goldman Sachs បានឱ្យដឹងថា ទីផ្សារលំនៅដ្ឋាននៅប្រទេសចិនអាចនឹងបន្តដាំក្បាលចុះបន្ថែមទៀត ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីស្តារវិស័យនេះឱ្យស្ទុះងើបឡើងវិញមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់។

ក្រុមហ៊ុនខាងលើវាយតម្លៃថា រដ្ឋាភិបាលចិនត្រូវចំណាយថវិកាជាង១៥ទ្រីលានយ័ន (ប្រមាណ២,១ទ្រីលានដុល្លារ) ដើម្បីដោះស្រាយបញ្ហាជាច្រើន ដែលកំពុងញាំញីនៅក្នុងវិស័យអចលនទ្រព្យរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។

ធនាគារវិនិយោគអាមេរិកមួយនេះបានបន្តឱ្យដឹងទៀតថា រដ្ឋាភិបាលចិនត្រូវជួយដល់អ្នកអភិវឌ្ឍន៍ ក្នុងការផ្តល់មូលនិធិ ដើម្បីបញ្ចប់ការសាងសង់គម្រោងដែលជាប់គាំង ដើម្បីជួយធានាស្ថិរភាពសង្គម និងធ្វើឱ្យបញ្ហានៃការផ្គត់ផ្គង់ផ្ទះលើសតម្រូវការ វិលទៅកាន់កម្រិតធម្មតាឡើងវិញ និងកាត់បន្ថយការចុះកិច្ចសន្យាប្រចាំឆ្នាំក្នុងការសាងសង់គម្រោងអចលនទ្រព្យថ្មី។China property: Beijing needs US$2.1 trillion to revive sector as rescue  plans have not been good enough, Goldman says | South China Morning Postក្រុមអ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បូករួមទាំងលោក Lisheng Wang បាននាំគ្នាលើកឡើងថា ការដោះស្រាយបញ្ហាទាំងនេះ អាចជួយធានាបាននូវស្ថិរភាពសង្គម ទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃផ្ទះ និងកសាងទំនុកចិត្តអ្នកប្រើប្រាស់ឡើងវិញ។

ក្រុមអ្នកវិភាគបានអះអាងថា “បើទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនរួចមកហើយយ៉ាងណាក្តី ក៏ប៉ុន្តែ សូចនាករសកម្មភាពអចលនទ្រព្យជាច្រើនបានបន្តធ្លាក់ចុះកាន់តែដុនដាបទៅៗ”។

ក្រុមអ្នកវិភាគបានបន្ថែមថា “វិស័យលំនៅដ្ឋានមិនទាន់ដាំក្បាលចុះដល់បាត តាមគន្លងរាងអក្សរ L ដូចដែលយើងរំពឹងទុកនោះទេ។រីឯ បញ្ហានឹងនៅតែកើតមានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍ឯកជនដែលជួបប្រទះវិបត្តិសាច់ប្រាក់”។

វិបត្តិទីផ្សារលំនៅដ្ឋានរបស់ប្រទេសចិនបានផ្ទុះឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញគោលនយោបាយ “បន្ទាត់ក្រហម៣”នៅក្នុងខែសីហា ឆ្នាំ២០២០ ដោយរឹតបន្តឹងមិនឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យខ្ចីប្រាក់ច្រើនលើសលប់បន្ថែមទៀត៕ប្រភព: The South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here