តម្រូវការលើទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី រំពឹងធ្លាក់ចុះនៅឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី ត្រូវបានគេរំពឹងថា នឹងជួបប្រទះការធ្លាក់ចុះនៃតម្រូវការនៅឆ្នាំនេះ ដោយសារតែកម្រិតអត្រាការប្រាក់ខ្ពស់។ នេះបើយោងតាមរបាយការណ៍សិក្សាថ្មីរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL។

ប្រភពរបាយការណ៍ដដែលបន្តថា តម្រូវការពីសំណាក់ពលរដ្ឋក្នុងស្រុក នឹង មិនកើនឡើងនោះទេ ដោយសារអត្រាការប្រាក់ត្រូវបានគេព្យាករណ៍ថានឹងនៅតែមានកម្រិតខ្ពស់។ ចំពោះជនបរទេស អ្នកវិភាគនៅតែមិនប្រាកដថា តើការកែសម្រួលលក្ខខណ្ឌកម្មវិធី “ម៉ាឡេសុី ផ្ទះទី២របស់ខ្ញុំ” នឹងជះឥទ្ធិពលវិជ្ជមានខ្លាំងទៅលើតម្រូវការអចលនទ្រព្យឬយ៉ាងណានោះទេ។

នៅឆ្នាំ២០២៤នេះ គម្រោងលំនៅដ្ឋានទាំងឡាយណា ដែលផ្តល់នូវរបៀបរស់នៅល្អគាប់ប្រសើរ លក្ខណៈពិសេសប្លែក និងទំហំបន្ទប់តូចជាងមុន នឹងទាក់ទាញពលរដ្ឋក្នុងស្រុក ស្របពេលដែលចំនួនគ្រួសារទោល ឬអ្នកនៅលីវកំពុងមានការកើនឡើង។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានផ្តល់អនុសាសន៍ថា នៅក្នុងគម្រោងអភិវឌ្ឍន៍អគារលំនៅដ្ឋានខ្ពស់ៗ ត្រូវតែដាក់បញ្ចូលការសាងសង់តំបន់រួម(Common area)ដ៏គួរឱ្យទាក់ទាញ និងកន្លែងបង្ហាញពីរបៀបរស់នៅផ្សេងៗ ឬហៅថា Lifestyle ដើម្បីទាក់ទាញអតិថិជន។

ម្យ៉ាងវិញទៀត ធនាគារកណ្តាលម៉ាឡេសុីបានរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យស្ថិតនៅថេរដដែលក្នុងរង្វង់៣ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បន្ទាប់ពីបានដំឡើងអត្រាការប្រាក់រយៈពេល៣ដងជាប់ៗគ្នា។

ការរក្សាទុកអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតខ្ពស់បែបនេះ អាចជះផលប៉ះពាល់ដល់តម្រូវការអចលនទ្រព្យនៅក្នុងទីផ្សារ ដោយសារកម្រិតអត្រាការប្រាក់ខ្ពស់ នឹងដាក់សម្ពាធទៅលើលទ្ធភាពរបស់ពលរដ្ឋម៉ាឡេសុី ក្នុងការទិញអចលនទ្រព្យ។

តម្រូវការនៅតែបន្តធ្លាក់ចុះ ស្របពេលដែលពលរដ្ឋក្នុងស្រុកនៅតែប្រកាន់ជំហរប្រុងប្រយ័ត្ន ដោយពួកគេវាយតម្លៃឡើងវិញជាច្រើនដង នូវការសម្រេចចិត្តលើការទិញអចលនទ្រព្យ ខណៈជនបរទេសកំពុងរង់ចាំការធ្វើបច្ចុប្បន្នភាពលើកម្មវិធី “ម៉ាឡេសុី ផ្ទះទី២របស់ខ្ញុំ” ដោយសង្ឃឹមថា រដ្ឋាភិបាលម៉ាឡេសុីនឹងបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ពាក្យនៅក្នុងកម្មវិធីនេះ៕ប្រភព: Real Estate Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here