ទីផ្សារអចលនទ្រព្យបែបលំហែរនៅខេត្តកំពតមានសញ្ញា កម្រើកឡើងវិញ

0

        ដោយៈ គង់ សូរិយា

        កំពតៈ អ្នកជំនាញមូលដ្ឋានបានអះអាងថា ទីផ្សារអចលនទ្រព្យបែបលំហែរកាយ និងបដិសណ្ឋារកិច្ចកំពុង មានសញ្ញាប្រសើរឡើងវិញ នៅក្នុងមូលដ្ឋានខេត្តកំពត។

នាយកប្រតិបត្តិក្រុមហ៊ុនHIPPO PROJECT Sale លោកគឹម សង្រ្គាម ដែលមានមូលដ្ឋានប្រចាំខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២២ មេសាថា ស្ថានភាពទីផ្សារនៅតែដំណើរការ មានតម្រូវការ ទោះបីជាតម្លៃស្ថិតនៅក្នុងទីផ្សារក្តី ក៏នៅតែមានការវិនិយោគពីអ្នកជំនួញនៅរាជធានីភ្នំពេញ។

លោកបន្តថា “ដីសម្រាប់សាងសង់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានផ្សេងៗ ដែលមានទីតាំងល្អ នៅតែមានអ្នកទិញ ទោះបី ជាវាមានតម្លៃមិនក្រោមទីផ្សារក្តី”។ លោកបន្តទៀតថា “ភ្ញៀវទេសចរ ណ៍បានមកកាន់ខេត្តកំពតច្រើន ដែលធ្វើឲ្យអ្នកវិនិយោគទិញ និងកុំម៉ង់ទីតាំង សម្រាប់សាងសង់ការិយាល័យ និងបើកក្រុមហ៊ុនផងដែរ”។

លោកគឹម សង្រ្គាមបានបន្តថា នៅខេត្តកំពតមានសញ្ញាវិជ្ជមានច្រើន ដោយកំពង់ផែទេសចរណ៍ កំពង់ផែទឹកជ្រៅ ក្នុងខេត្តត្រៀមសម្ភោធបើកនាពេលឆាប់ៗនេះ ពិសេសរូបសំណាកសេះសមុទ្រ និងកាលពីពេលថ្មីៗនេះ អភិបាលខេត្តកំពត លោកម៉ៅ ធនិនបានសាងសង់រូបសំណាកយាយម៉ៅ ក្នុងខេត្តនេះ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរណ៍កាន់​តែច្រើន សម្រាប់បច្ចុប្បន្ន និងតទៅអនាគត។

 ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ស្ថិតក្នុងចំណោមខេត្ត ដែលត្រូវបានសម្តេចតេជោប្រសិទ្ឋនាមថា “ជាតារារះនាទិញនារតី” ខេត្តកំពតមានសញ្ញានៃការរីកចម្រើនខ្លាំង នាពេលអនាគត ដោយសារកត្តាភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋ ដែលបានវិនិយោគ និងត្រៀមវិនិយោគរបស់រដ្ឋាភិបាល។

លោកបន្តថា ការជីកព្រែកហ្វូណនតេជោ ការសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ លើភ្នំបូកគោរបស់ក្រុមហ៊ុនសុខាអូតែល ការសាងសង់ផ្លូវតភ្ជាប់ពីចំណុចកំពូលភ្នំបូកគោ ទៅកាន់ផ្លូវជាតិលេខ៤ ដែលបាននិងកំពុងចាក់បេតុងបណ្តើរៗ នឹងជាកំលាំងចលករដ៏សំខា​ន់ ជួយជម្រុញឲ្យខេត្តកំពតរីកចម្រើនលឿន នៅពេលអនាគតឆាប់ៗ​ខាងមុខនេះ។

ក្រៅពីធនធានធម្មជាតិ ដងព្រែងដ៏ខ្វាត់ខ្វែង រមណីយដ្ឋានធម្មជាតិដ៏សម្បូរបែប ខេត្តកំពត ក៏មានតំបន់កសិទេសចរណ៍ ដូចជាស្រែអំបិល ចំការម្រេច និងតំបន់ទេសចរណ៍វប្បធ៌ម ប្រវត្តិសាស្រ្តដ៏សម្បូរបែបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here