ប្រមុខកាទូតចិនៈ ទោះបីអាកាសធាតុប្រែប្រួលកម្តៅឡើងខ្លាំងក្តី ប៉ុន្តែបញ្ហានេះមិនមែនជាឧបសគ្គសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន

ចែករំលែក

ដោយៈ និស្ស័យ

        ភ្នំពេញៈ ប្រមុខកាទូតចិន លោកវ៉ាង យីបានថ្លែងថា ទោះបីជាអាកាសធាតុឡើងកំដៅខ្លាំងក្តី ប៉ុន្តែបញ្ហានេះមិនមែនជាឧបសគ្គសម្រាប់ទំនាក់ទំនងចិន កម្ពុជានោះទេ។

លោកបានថ្លែងបែបនេះ ក្នុងជំនួបជាមួយប្រមុខកាទូតកម្ពុជា លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីល្ងាចថ្ងៃទី២១ មេសាកន្លងមកនេះ។

លោកវ៉ាង យីប្រមុខការទូតចិន បានប្រដូចន័យខាងលើនេះ ទៅលើទំនាក់ទំនងប្រទេសទាំងពីរថា មានកម្តៅខ្លាំងជាងអាកាសធាតុទៅទៀត។យ៉ាងណាមិញ ដំណើរទស្សនកិច្ចរបស់ លោកវ៉ាង យី នាពេលនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការជាដៃគូយុទ្ធសា​ស្រ្តគ្រប់ជ្រុងជ្រោយ ធ្វើឲ្យស៊ីជម្រៅនូវការកសាងសហគមន៍ វាសនារួមប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្យ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ(កម្ពុជា-ចិន)។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការអរគុណចំពោះឯកឧត្តម វ៉ាង យី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាកិត្តិយសបំផុត សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេស ក្នុងពេលលោកវ៉ាង យី ឆ្លៀតពេលដ៏មមាញឹកបំពេញបេសកកម្មរបស់ខ្លួន។

លោកឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះ លោកវ៉ាង យី ដែលតែងតែឆ្លៀតពេលវេលា ដ៏មានតម្លៃរៀបចំការបំពេញទស្សនកិច្ចមកកាន់កម្ពុជា ដែលគិតមកទល់ពេលនេះ លោកវ៉ាង យី បានបំពេញទស្សនកិច្ចផ្លូវការចំនួន៨លើកហើយ ក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងន័យជាមិត្តភាពដែកថែបដ៏យូរអង្វែង៕


ចែករំលែក