អ្នកជំនាញអះអាងថា អ្នកវិនិយោគនៅតែស្វែងរកអចលនទ្រព្យ តម្លៃក្រោមទីផ្សារ

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ទីផ្សារអចលនទ្រព្យ អាចត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីជម្រុញឲ្យតម្លៃងើបឡើងវិញ ខណៈបច្ចុប្ប​ន្នអ្នកវិនិយោគនៅតែបន្តស្វែងរកដី និងអចលនទ្រព្យផ្នែកដទៃទៀត ដែលមានតម្លៃក្រោមទីផ្សារ។

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAMATAK Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រា​មកាលពីល្ងាចថ្ងៃទី២១ មេសាកន្លងមកថា ស្ថានភាពទីផ្សារចូលមកដល់ដើមត្រីមាសទី២នេះ មិនទាន់មានសញ្ញាប្រែប្រួលនៅឡើយទេ ដោយអ្នកទិញនៅតែស្វែងរកដី និងអចលនទ្រព្យដទៃទៀត ដែលមានតម្លៃល្អ។លោកស្រីបន្តថា “អ្វីៗស្ថិតនៅក្នុងសភាពទ្រឹង ពិសេសតម្លៃដីធ្លី មិនទាន់ងើបឡើងនៅឡើយទេ យើងត្រូវការពេលវេលាបន្ថែមទៀត”។ លោកស្រីបន្តថា “អ្នកទិញនៅតែស្វែងរកអចលនទ្រព្យ តម្លៃក្រោមទីផ្សារ ទើបពួកគេសម្រេចចិត្តទិញ ឬវិនិយោគដើម្បីយកផលចំណេ​ញសម្រាប់អនាគត”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យមានសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យ មិនទាន់មានសញ្ញាប្រសើរនៅឡើយ ដោយការលំហូរទុនវិនិយោគផ្ទាល់ពីបរទេស​លើវិស័យយនេះនៅមានកម្រិត។លោកបន្តថា “ភាពឆ្អែតរបស់ទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចមិនមានភាពច្បាស់លាស់នៅលើពិភពលោក និងបញ្ហាទីផ្សារអចលនទ្រព្យរបស់ចិន បាននិងកំពុងជះឥទ្ឋិពលដល់កម្ពុជាផងដែរ”។ លោក​បន្តថា “សញ្ញាប្រសើរឡើងលឿនឬយឺត អាស្រ័យលើលំហូរFDI និងអំណាចនៃការទិញកើនឡើងនៅក្នុងស្រុក”។ រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេ​ចបានកំនើន៦,៦ភាគរយ នៅឆ្នាំ២០២៤នេះ ប៉ុន្តែទិន្នន័យនេះត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ដោយសារស្ថានភាពអាជីវកម្មរបស់ពួកគេកំពុងជួបបញ្ហាជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here