ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍”When Shaolin Meets Bokator At Angkor” នៅខេត្តសៀមរាបក្នុងសប្តាហ៍នេះ

0

        ដោយៈ ច្រាយ ចំណាន

        សៀមរាបៈ ដើម្បីបង្កើតព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍ថ្មីៗ ក្រសួងទេសចរណ៍នឹងរៀបចំពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍”When Shaolin Meets Bokator At Angkor” នៅខេត្តសៀមរាបក្នុងសប្តាហ៍នេះ។

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងទេសចរណ៍នៃកម្ពុជាបានឲ្យដឹងថា ដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជន ខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប នឹងរៀបចំ“ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor” នៅបរិវេណខាងជើងប្រាសាទបាយ័ន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក។

ពិព័ណនេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិ​ការណ៍នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង៥០០នាក់។

ក្រសួងទេសចរណ៍បានប្រកាសឲ្យស្ថាប័នពាក់ព័ន្ធ សមា​គមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប ចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរ ដល់ការអនុវត្តយុទ្ធនាការ “ទស្សនាសៀ​ម​រាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤”៕

LEAVE A REPLY

Please enter your comment!
Please enter your name here