ដោយ : គង់ សូរិយា
ភ្នំពេញ : ប្រទេសកម្ពុជា វៀតណាម និងប្រទេសថៃកំពុងរៀបចំដំណើរទេសចរណ៍បើករថយន្តរួមគ្នា ដោយអនុញ្ញាត្តឲ្យសាធារណៈជនចូលរួម ក្នុងដំណើរកំសាន្តដែលមាន រយៈពេលមួយសប្តាហ៍។
ដោយ : គង់ សូរិយា
ភ្នំពេញ : ប្រទេសកម្ពុជា វៀតណាម និងប្រទេសថៃកំពុងរៀបចំដំណើរទេសចរណ៍បើករថយន្តរួមគ្នា ដោយអនុញ្ញាត្តឲ្យសាធារណៈជនចូលរួម ក្នុងដំណើរកំសាន្តដែលមាន រយៈពេលមួយសប្តាហ៍។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ មិនានេះថា កម្មវិធីនេះរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក្រសួងទេសចរណ៍កម្ពុជា សមាគមទេសចរណ៍នៅខេត្តកាន់ធើ ប្រទេសវៀតណាម និងសមាគមទេសចរណ៍នៅខេត្តត្រាត ប្រទេសថៃ។ ដំណើរកំសាន្តនេះនឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៧ មេសាខាងមុខនេះ។
លោកបន្តថា កម្មវិធីនៃដំណើរកំសាន្តនេះធ្វើឡើងក្នុងគោលដៅចំនួន៣ រួមមាន ទី១ ផ្សព្វផ្សាយទេសចរណ៍បៃតង តាមរយៈការលើកកំពស់អនាម័យ និងបរិស្ថាន ទី២ ផ្សព្វផ្សាយការអភិវឌ្ឈន៍ទេសចរណ៍នៅតាមព្រំដែន ទី៣ កាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ ទី៤ ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងទី៥ លើកកំពស់ការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ទើបយើងរៀបចំកម្មវិធីនេះ។
លោកបន្តថា “នៅកម្ពុជាអ្នកចូលរួមនឹងជួបជុំគ្នានៅភ្នំពេញ និងទៅទទួលទានអាហារថ្ងៃត្រង់ និងពេលរាត្រីនៅលើភ្នំបូកគោក្នុងខេត្តកំពត មុនចេញដំណើរទៅកាន់វៀតណាមជាមួយក្រុមអ្នកទេសចរណ៍ថៃ ហើយធ្វើដំណើរទៅភ្នំដិន ក្នុងខេត្តតាកែវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម”។ លោកបន្តថា “ដំណើរទស្សនាចរណ៍នេះ មានតម្លៃ៣១០ដុល្លារអាមេរិកសំរាប់មនុស្សម្នាក់”។
លោក ធួន ស៊ីណាន បានបន្តថា ខ្សែទស្សនកិច្ចនេះ នឹងសម្រាកនៅខេត្តកាន់ធើ ប្រទេសវៀតណាម និងដើរកំសាន្តនៅកាន់ខេត្តនេះ ហើយបន្ទាប់មកទៅទីក្រុងអាងយ៉ាង ខេត្តហាទៀង ត្រលប់មកកាន់ខេត្តកែប និងសំរាកនៅខេត្តកំពតជាថ្មី ហើយបន្ទាប់មកទើបទៅកាន់តំបន់ពានក្រសោប ខេត្តកោះកុង និងធ្វើយុទ្ឋនាការសំអាតទីក្រុង នៅខេត្តកោះកុង មុនឆ្ពោះទៅកាន់ខេត្តត្រាត ប្រទេសថៃ ដោយជិះកង់កំសាន្តនៅខ្លងយ៉ៃ។
អ្នកមានបំណងចង់់ចូលរួមក្នុងកម្មវិធីនេះ សូមទាក់ទងតាមរយៈទូរស័ព្ទ០៨៦ ៤៨៥៥ ៦៦, 078 95 95 67 ៕