តើការវិនិយោគទៅលើអចលនទ្រព្យនៅប្រទេសចិន បង្ហាញសញ្ញាណបែបណាក្នុងត្រីមាសទី១កន្លងទៅ?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសចិនក្នុងត្រីមាសទី១ បានធ្លាក់ចុះ៩,១ភាគរយបើធៀបនឹងឆ្នាំមុន  ដែលបង្ហាញថា វិស័យអចលនទ្រព្យចិន មិនទាន់ស្ទុះងើបឡើងវិញនៅឡើយ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា បើគិតពីផ្ទៃក្រឡា(floor area) ការលក់អចលនទ្រព្យនៅក្នុងខែមករា ដល់ខែមីនា បានធ្លាក់ចុះ១៩,៤ភាគរយ ធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ២០,៥ភាគរយ នៅក្នុងខែមករា ដល់ខែកុម្ភៈ។

បើគិតពីទំហំផ្ទៃក្រឡា ការចាប់ផ្តើមសាងសង់គម្រោងអចលនទ្រព្យថ្មីៗ បានធ្លាក់ចុះ២៧,៨ភាគរយ នៅក្នុងត្រីមាសទី១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ២៩,៧ភាគរយក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំនេះ។

ចំណែកមូលនិធិ ដែលប្រមូលកៀរគរទុក ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ២៦ភាគរយក្នុងខែមករាដល់ខែមីនា បន្ទាប់ពីធ្លាក់ចុះ២៤,១ភាគរយ នៅក្នុងអំឡុងខែមករាដល់ខែកុម្ភៈ។

ប្រទេសចិនបាន និងកំពុងបង្កើនការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីស្តារវិស័យអចលនទ្រព្យរបស់ខ្លួនឡើងវិញ រួមទាំងការអនុញ្ញាតឱ្យបណ្តាធនាគាររដ្ឋ ផ្តល់ប្រាក់កម្ចីដល់គម្រោងអចលនទ្រព្យទាំងឡាយណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

វិស័យអចលនទ្រព្យចិន បានជាប់ផុងក្នុងវិបត្តិបំណុល បន្ទាប់ពីក្រុមហ៊ុនធំៗជាច្រើន បានខកខានទូទាត់សងបំណុល ខណៈរដ្ឋាភិបាលចិន ធ្លាប់បានរឹតបន្តឹងការខ្ចីប្រាក់ ដែលរាលដាលទៅជាវិបត្តិសាច់ប្រាក់ងាយស្រួល និងនាំឱ្យគម្រោងអចលនទ្រព្យជាច្រើន ត្រូវជាប់គាំង៕ប្រភព:Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here