កម្ពុជា ចិនចុះកិច្ចព្រមព្រៀងថ្មីៗចំនួន៣ ក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលទ្វេរភាគី

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកវ៉ាង យីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣។

ឯកសារដែលបានចុះហត្ថលេខាទាំង៣ រួមមាន ទី១ លិខិតប្តូរសារស្តីពី ការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ទី២ វិញ្ញា​បនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា និង៣. ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យ សម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោសម្រាប់នាំចេញពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

ការចុះហត្ថលេខានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ទាំងពីរ និងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។

ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំ បានពិភាក្សាលើប្រធានបទជាច្រើនក្នុងស្មារតីពូនជ្រុំ ទំនាក់ទំនងទ្វេភាគី និងដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅកិច្ចការងារសំខាន់ៗមួយចំនួនផ្សេងទៀត។

ក្រៅពីកិច្ចប្រជុំលើកទី៧នេះ ក៏មានពិធីចុះហត្ថលេខាលើឯកសារចំនួន៣ ព្រមទាំងពិធីប្រគល់- ទទួលសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ និពន្ធដោយលោក ជីវ តាក្វាន់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here