ឥណ្ឌូនេស៊ីតម្រូវឱ្យមន្ត្រីរាប់ម៉ឺននាក់ផ្លាស់ទីលំនៅក្នុងទ្រង់ទ្រាយធំ ទៅកាន់រដ្ឋធានីNusantara នៅខែកញ្ញាខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងសម្រុកបញ្ចប់ផែនការ និងការរៀបចំរបស់ខ្លួន ដើម្បីបញ្ជូនមន្ត្រីរដ្ឋការរាប់ម៉ឺននាក់ ទៅកាន់រដ្ឋធានីថ្មីNusantara បើទោះបីជាការអភិវឌ្ឍ មិនទាន់បញ្ចប់រួចរាល់ទាំងស្រុងយ៉ាងណាក្តី។

រដ្ឋាភិបាលគ្រោងនឹងបញ្ជូនសមាជិក គណៈរដ្ឋមន្ត្រីមួយចំនួនតូចទៅកាន់រដ្ឋធានីថ្មី នៅដើមខែកក្កដា។ បន្ទាប់មក នៅក្នុងខែកញ្ញាខាងមុខ រដ្ឋាភិបាលនឹងបញ្ជូនមន្ត្រី ក្នុងទ្រង់ទ្រាយធំជិត១២.០០០នាក់។

លោក Abdullah Azwar Anas រដ្ឋមន្ត្រីក្រសួងកំណែទម្រង់រដ្ឋបាល និងការិយាធិបតេយ្យ បានលើកឡើងថា រដ្ឋាភិបាលបានដាក់មូលដ្ឋានច្បាប់ សម្រាប់ការផ្លាស់ប្តូរមន្ត្រីរដ្ឋការ ទៅកាន់ទីក្រុង Nusantara នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោក Abdullah បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា “ចាប់ពីខែកក្កដាខាងមុខ រដ្ឋមន្ត្រីមួយចំនួនរួមទាំងលោក Basuki Hadimuljono រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅដ្ឋាន នឹងត្រូវផ្លាស់ទីលំនៅទៅកាន់រដ្ឋធានីថ្មី”។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថា តើសមាជិកគណៈរដ្ឋមន្ត្រីរូបណាទៀត ដែលនឹងត្រូវផ្លាស់ទៅរស់នៅទីនោះជាមួយលោក Basuki ឡើយ។

លោក Abdullah បានគូសបញ្ជាក់ថា “រដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់ ចំពោះការស្នាក់នៅបណ្តោះអាសន្ន របស់មន្ត្រីជាង១ពាន់នាក់ ដែលនឹងអញ្ជើញចូលរួម ក្នុងការប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៧៩ នៅថ្ងៃទី១៧ ខែសីហា និងជាថ្ងៃផុតកំណត់សម្រាប់ការផ្លាស់ទីលំនៅរបស់បុគ្គលិករដ្ឋាភិបាល”។

លោកAbdullah បានបន្ថែមទៀតថា “យើង​បានទទួលការណែនាំពីសំណាក់វិមានប្រធានាធិបតី ដើម្បីតម្រូវឱ្យមន្ត្រីរដ្ឋការផ្លាស់ទីលំនៅទៅកាន់រដ្ឋធានីNusantara បន្ទាប់ពីការបិទបញ្ចប់ទៅនៃពិធីខាងលើនោះ”។

រដ្ឋធានី Nusantara ដែលមានទំហំ២៥៦.០០០ហិកតា និងចំណាយទុនវិនិយោគជិត៣៥ពាន់លានដុល្លារ ត្រូវបានគេចាត់ទុកថា ជាស្នាដៃដ៏អស្ចារ្យ របស់់លោកប្រធានាធិបតី Joko widodo ដែលលោកនឹងត្រូវបញ្ចប់អាណត្តិដឹកនាំ ប្រទេសនៅក្នុងខែតុលាខាងមុខ៕ប្រភព: The Jakarta Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here