ទីផ្សារខុនដូបានងាកមកពឹងផ្អែកលើជនបរទេសជាថ្មី ខណៈស្ថានភាពទីផ្សារបន្តស្ថិតក្នុងសភាពទ្រឹង

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញផ្នែកខុនដូបានលើកឡើងថា ការលក់ខុនដូបានងាកត្រលប់ មកពឹងផ្អែកជនបរទេសជំនួសវិញ ស្របពេលទីផ្សារក្នុងស្រុកស្ថិតក្នុងសភាពមិនច្បាស់លាស់។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២២ មេសាថា ស្ថានភាពទីផ្សារខុនដូ មិនមានការប្រែប្រួលជាដុំកំភួននៅឡើយទេ អ្វីៗស្ថិតក្នុងសភាពទ្រឹងនៅឡើយ ក្នុងអំឡុងដើមត្រីមាសទី២ដើមឆ្នាំនេះ។

លោកបន្តថា “ស្ថានភាពបាននិងកំពុងអូសបន្លាយ ប៉ុន្តែអ្វីៗនឹងមានសញ្ញាកាន់តែវិជ្ជមាន ប៉ុន្តែយើងពិតជាត្រូវការពេលវេលា ដើម្បីធ្វើឲ្យទីផ្សារងើបឡើងវិញ”។នៅពេលលើកឡើង ពីលំហូរទុនវិនិយោគទំហំ២២០០លានដុល្លារកាលពីត្រីមាសទី១ដើមឆ្នាំនេះ លោកខន គង្គាបានបញ្ជាក់ថា ទុនវិនិយោគទាំងនោះ បានហូរចូលទៅផ្នែកជាច្រើន មិនមែនតែផ្នែកនៃអចលនទ្រព្យឬខុនដូនោះទេ ហេតុនេះទើបយើងមិនឃើញស្ថានភាពទីផ្សារមានការប្រែប្រួលច្រើននៅឡើយ។

ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍ខុនដូដ៏ធំមួយ​ នៅភាគខាងត្បូរាជធានីភ្នំពេញ លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុមនUrban Hub & Factory Phnom Penhបានមានប្រសាសន៍ដោយសម្តែងសុទិ​ដ្ឋិនិយមថា ជនបរទេសនៅតែទិញខុនដូនៅកម្ពុជាច្រើន ដោយសា​រអត្រាចំណេញពីការវិនិយោគនៅកម្ពុជា មានកម្រិតខ្ពស់ជាងគេធៀបនឹងបណ្តាប្រទេ​សក្នុងតំបន់។លោកបន្តថា “ទីផ្សារនេះកំពុងមានសញ្ញារីកចម្រើន កម្ពុជានឹងជួបយុគមាសម្តងទៀតនៅពេលខាងមុខ ដោយសារសេដ្ឋកិច្ចប្រទេសនេះ រីកចម្រើនលឿនជាងគេក្នុងតំបន់អាស៊ាន ជាប្រទេសដែលមានយុវជនវ័យក្មេងច្រើនជាងគេ ច្បាប់វិនិយោគក៏មានភាពអំណោយផល”។

លោកបណ្ឌិតBen Liបានអះអាងថា ការចាយប្រាក់ដុល្លារយ៉ាងទូលំទូលាយ បានធ្វើឲ្យវិនិយោគិនអន្តរជាតិមានទំនុកចិត្ត ការអនុញ្ញាត្តឲ្យជនបរទេសបើកក្រុមហ៊ុន ដោយមានទុននិងកាន់កាប់ភាគហ៊ុនខ្លួនឯង១០០ភាគរយ ការមិនយកពន្ឋលើប្រាក់ចំណេញជាដើមបាននិងកំពុងធ្វើឲ្យកម្ពុជា ទាក់ទាញបានការចាប់អារម្មណ៍ កាន់តែច្រើននាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here