ថ្នាក់ដឹកនាំសមាគមCEMEAប្រជុំលើកទី៣ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន

0

        ដោយៈ អេង ស្រីទៀង

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ សមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា (CEMEA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ CEMEA ប្រជុំជាលើកទី៣ ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុ​វិ​ស័យ​​របស់ខ្លួន។

លោក យិន លាងគង់ ​ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំថា គិតមកដល់ពេលនេះ​​​​ CEMEA ទើបតែមានអាយុមិនដល់២ខែទេ ប៉ុន្តែសមាគមមានការទទួលស្គាល់ និងចាប់អារម្មណ៍ជាខ្លាំងពីជួរអ្នកសារព័ត៌មានដូចគ្នា ពីសមាគមកាសែតនានា ពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងពីអ្នកតាមដានបញ្ហាសង្គមជាដើម។

លោកបញ្ជាក់ថា «មូលហេតុដែលមានការចាប់អារម្មណ៍ច្រើន ដោយសារធនធានមនុស្សយើងនៅទីនេះ សុទ្ធតែចេញពីអាជីពអ្នកកាសែតឆ្នើមៗ ដែលឈរលើវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យប្លែកពីគេឯង​ ដែលទាក់ទងសំខាន់ទៅនឹងសេដ្ឋកិច្ចជាតិ​ និងអន្តរជាតិ”។លោកបន្តថា  “ក្រោយពីយើងបាន​ចុះ​បញ្ជី ​នៅ​ក្រសួង​មហាផ្ទៃ​ជាផ្លូវ​ការហើយ អ្វីដែលពួកយើងត្រូវធ្វើ គឺខិតខំប្រឹងប្រែងធ្វើជាបន្តទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងរូបភាពវិជ្ជមានឲ្យកាន់តែទូលំទូលាយ និងជម្រុញទាក់ទាញការវិនិយោគពីបរទេសមកកាន់កម្ពុជា”។

តាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃនេះ បានសម្រេចដូចខាងក្រោម
ទី១៖ លោក កៃ គឹមសុង ទទួលបន្ទុកពិនិត្យអត្ថបទសំខាន់ៗ មុនចេញផ្សាយ លើគេហទំព័ររបស់CEMEA.biz និងផ្តល់ជាគំនិតរឿងដែលបន្ថែមលើតួនាទីជាអនុប្រធាន។
ទី២ លោក អាន ចាន់ថ្លា ទទួលបន្ទុកជាអ្នកផ្តល់គំនិតរឿង, ផលិតអត្ថបទទាក់ទងនឹងសេដ្ឋកិច្ច និងធ្វើកិច្ចសម្ភាសន៍ដាក់លើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់CEMEA បន្ថែមលើតួនាទីជា អនុប្រធាន។
ទី៣ លោកស្រី ហា​ន ស៊ូជីន ទទួលបន្ទុកជា អគ្គលេខាធិការ បន្ថែមលើដំណែងជា អនុប្រធាន។
ទី៤ លោកស្រី អេង ស្រីទៀង ទទួលបន្ទុកជា អគ្គលេខាធិការរង ចូលរួមផលិតព័ត៌មាន និងធ្វើកិច្ចសម្ភាសន៍ភ្ញៀវ បន្ថែមលើដំណែងជា អនុប្រធាន។
ទី៥ សម្រេចបានផែនការផ្សេងៗ។

ថ្នាក់ដឹកនាំ នៅសមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា (CEMEA) បានអញ្ជើញមកពីស្ថាប័នជាច្រើន ដូចជា លោក យិន លាងគង់ ស្ថាបនិកនិងអគ្គនាយក​គេហទំព័រ​Propertyarea.asia & Cambodia Financialtimes.com, លោក កៃ គឹមសុង អតីតនិពន្ឋនាយក​សារព័ត៌មាន​ភ្នំពេញប៉ុស្ត៍ និងជាស្ថាបនិកសារព័ត៌មាន​ Amazadia Education,​ ​លោកលីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asean Properties, ​លោកសយ សុភា និពន្ឋនាយកសារព័ត៌មានដើមអម្ពិល។

លោក អាន ចាន់ថ្លា និពន្ឋនាយកសារព័ត៌មាន CEN, លោក ផ្លុង វិចិត្រ ស្ថាបនិកនាយកសារព័ត៌មាន​ CCTIMES, ​លោកស្រីហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល លោក អ៊ុំ សារ៉ាវុធ ស្ថាបនិកសារព័ត៌មាន CFN និង លោកស្រី អេង ស្រីទៀង ជានិពន្ធនាយកនៅអង្គភាពសារព័ត៌មាន ដំរី ជាដើម។

សមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា(CEMEA) ​​​បា​ន​​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជាផ្លូវ​ការ កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងគោលបំណងដើម្បី​រួម​ចំណែកលើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ប្រកបដោយ​មូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធ៌ម។

លោកយិន លាងគង់បានបន្តថា “អ្វីៗបានផ្លាស់ប្តូរហើយលើនិន្នាការសង្គម សេដ្ឋកិច្ច ដែលប្រព័ន្ឋផ្សព្វផ្សាយនានា គួរផ្តោតលើព័ត៌មាន​សេដ្ឋកិច្ច និងព័ត៌មានជាចំណេះដឹង ដែលមានលក្ខណៈវិជ្ជមានដល់ប្រជាពលរដ្ឋឲ្យបានដឹង”។

លោក​បន្ថែម​ថា ប៉ុន្តែ​យើងសោកស្តាយ ដែលស្ថាប័នសារព័ត៌​មាននៅកម្ពុជាតិចតួច បានផ្តោតលើផ្សព្វផ្សាយរឿងសេដ្ឋកិច្ច ព្រោះអ្នកសារព័ត៌មាន​ជំនាញខាងសេដ្ឋកិច្ច មានចំនួនតិចតួចបំផុតដោ​យសារពួកគេទទួលការបណ្តុះបណ្តាល ពីគ្រូដែលគ្មានជំនាញ​ខាង​សេដ្ឋកិច្ច​កន្លងមក។

ហេតុនេះ ទើបសមាគមនេះ ត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់​ខាង​សេដ្ឋកិច្ច ដើម្បីរួមចំណែកផ្សព្វផ្សាយព័ត៌មាន សេដ្ឋកិច្ច ប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងប្រកបដោយពុទ្ឋិ ដល់​សាធារណៈជនជាតិ និងអន្តរជាតិអាចជឿ និងទុកចិត្តបាន។លោកយិន លាងគង់បន្ថែម។

លោកបាន​បញ្ជាក់​ទៀត​ថា គោលដៅរបស់សមាគម គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការផ្សព្វផ្សាយលើកកម្ពស់​មុខមាត់របស់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែង​ដល់​សហគ្រិន អ្នកធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានាឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការ​ពិចារណា និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា៕

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here