ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋជាច្រើន។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើយន្តការកិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅការងារបន្ត ដោយផ្តោតចម្បង លើការកសាងសមត្ថភាព ការរៀបចំផែនការមេ ការសិក្សាលើគម្រោងផ្លូវដែក និងយន្តការនៃការអនុវត្តគម្រោង។
ជាលទ្ធផលនៃកិច្ចប្រជុំ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអភិវឌ្ឍន៍ផ្លូវដែក ក៏ដូចជា លើកកម្ពស់ការដឹកជញ្ជូនអន្តរមធ្យោបាយនៅកម្ពុជា ឱ្យកាន់តែសម្បូរបែប។







