ប្រមុខកាទូតចិនសន្យាជម្រុញបញ្ចប់ផែនការមេលើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាង យីបានបញ្ជាក់ថា ភាគីចិន នឹងជំរុញបញ្ចប់ការរៀបចំផែនការមេលើគំរោងជាច្រើនក្នុងក្រមខ័ណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជា ចិនឱ្យបានឆាប់នាពេលខាងមុខ។

ផែនការមេនោះ គឺកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍន៍ និងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ។

លោកវ៉ាង យីបានថ្លែងបែបនេះ ក្នុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោ និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោកវ៉ាង យីបានមានប្រសាសន៍បញ្ជាក់ថា “ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរ បានអនុវត្តន៍នូវកិច្ចសហប្រត្តិការបានយ៉ាងល្អ”។លោកបន្ថែមថា “ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការនេះ បានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ហើយតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់”។

លោកបានបន្តដោយរំលឹកថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងទៅបានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភា​ព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយលោ​​កក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ នៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះលោករដ្ឋមន្រ្តី វ៉ាង យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀម​រាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនេះ សម្តេចធិបតីបានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាព នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរ បានឯកភាពកាលពីឆ្នាំ២០២៣។ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថារំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី និងលោករដ្ឋមន្រ្តីវ៉ាង យី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ។

ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីបានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here