ប្រទេសអារ៉ាប៊ីសាអូឌីត ទាក់ទាញអ្នកវិនិយោគចិនឱ្យចូលមកបណ្តាក់ទុននៅក្នុងគម្រោងទីក្រុងខ្នាតយក្សNeom

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអារ៉ាប៊ីសាអូឌីត បានរៀបចំកម្មវិធីបង្ហាញផ្លូវ ឬហៅថា Roadshow ស្តីអំពីទីក្រុង Neom របស់ខ្លួនទៅកាន់ប្រទេសចិន ស្របពេលមានការរំពឹងទុកជាបន្តបន្ទាប់ អំពីវិសាលភាពនៃគម្រោង និងបញ្ហាផ្នែកហិរញ្ញវត្ថុ។

តួយ៉ាងកាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុងហុងកុង ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគចិន ឱ្យចូលមកបណ្តាក់ទុន នៅក្នុងគម្រោងទីក្រុង Neom របស់ខ្លួន។

ទោះជាយ៉ាងណាក្តី គេសង្កេតឃើញថា ពុំមានកិច្ច​ព្រម​ព្រៀង​ណាមួយ ត្រូវ​បាន​គេ​ប្រកាសឡើងនោះទេ។ ប៉ុន្តែអ្នក​ចូល​រួម​ម្នាក់​បាន​បញ្ជាក់់ប្រាប់សារពត៌មាន AFP ថា​ កម្មវិធីបង្ហាញផ្លូវ​នេះ​ បាន​ជួយ​បកស្រាយបំភ្លឺនូវអាថ៌កំបាំងជាច្រើន នៃគម្រោងទីក្រុង Neom ។

ជាមួយគ្នានេះ សារពត៌មាន Bloomberg បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត ក៏គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុល សម្រាប់ផ្គត់ផ្គង់ ដល់ការអភិវឌ្ឍន៍ទីក្រុងNeomផងដែរ ដែលអាចនឹងរៃអង្គាសប្រាក់បានចំនួន១,៣ពាន់លានដុល្លារ។ នេះបើយោងតាមប្រភព ដែលសុំមិនបញ្ចេញឈ្មោះ។

សារពត៌មាន Bloomberg បានបញ្ជាក់បន្ថែមថា ភាពជាក់ស្តែងផ្នែកហិរញ្ញវត្ថុ នៃគម្រោងតម្លៃ៥០០ពាន់លានដុល្លារនេះ បានចាប់ផ្តើមបង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងជួររដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

កាលពីខែកុម្ភៈកន្លងទៅ កាសែតអាមេរិក Wall Street Journal ធ្លាប់បានរាយការណ៍ថា  អារ៉ាប៊ីសាអូឌីតក៏បានចាប់ផ្តើមខ្ចីប្រាក់ ដើម្បីជួយផ្តល់មូលនិធិ ដល់ការសាងសង់ទីក្រុង Neom និងគម្រោងខ្នាតធំជាច្រើនផ្សេងទៀត ដែលស្ថិតក្រោមចក្ខុវិស័យឆ្នាំ២០៣០ របស់រាជ    រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផងដែរ ។

ទោះជាយ៉ាងនេះក្តី តំណាងក្រុមមន្ត្រីទទួលបន្ទុកលើការអភិវឌ្ឍនា៍ទីក្រុង Neom ពុំបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារពត៌មាន Business Insider នៅក្រៅម៉ោងធ្វើការធម្មតានោះឡើយ៕ប្រភព: Business Insider៕

LEAVE A REPLY

Please enter your comment!
Please enter your name here