តើក្រុមហ៊ុនបច្ចេកវិទ្យាយក្សណាខ្លះ ដែលលក់ទូរស័ព្ទស្មាតហ្វូន ដាច់ខ្លាំងជាងគេនៅត្រីមាសទី១កន្លងទៅ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស Samsung របស់ប្រទេសកូរ៉េខាងត្បូង បានក្លាយជាក្រុមហ៊ុនលក់ ទូរស័ព្ទស្មាតហ្វូនដាច់ខ្លាំងជាងគេបំផុតនៅលើពិភពលោក។

ក្រុមហ៊ុនSAMSUNG បានវ៉ាដាច់ក្រុមហ៊ុន Apple បន្ទាប់ពីការលក់របស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ បានដាំក្បាលចុះប្រមាណ១០ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤។a

យោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា ការនាំចេញទូរស័ព្ទស្មាតហ្វូន នៅទូទាំងពិភពលោក បានកើនឡើង៧,៨ភាគរយ ដល់ចំនួន២៨៩,៤លានគ្រឿង គិតចាប់ខែមករារហូតដល់ខែមីនា ឆ្នាំ២០២៤នេះ។

ដោយឡែក បើយោងតាមទិន្នន័យ ដែលដកស្រង់ពីក្រុមហ៊ុនស្រាវជ្រាវ IDC បានបង្ហាញថា ក្រុមហ៊ុន Samsung កាន់កាប់បានចំណែកទីផ្សារចំនួន២០,៨% តាមពីក្រោយដោយក្រុមហ៊ុន Apple ដែលកាន់កាប់បានចំណែកទីផ្សារចំនួន១៧,៣%។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនXiaomi ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន ខ្នាតយក្សមួយរបស់ប្រទេសចិន បានឈរនៅលេខរៀងទី៣ បន្ទាប់ពីក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple ដោយកាន់កាប់បានចំណែកទីផ្សារចំនួន១៤,១% នៅក្នុងត្រីមាសទី១កន្លងទៅ។

ជាការពិតណាស់ កំណើននៃការលក់ទូរស័ព្ទស្មាតហ្វូន របស់ក្រុមហ៊ុនយក្ស Samsung ដែលធ្វើឱ្យក្រុមហ៊ុននេះ អាចវ៉ាដាច់ការលក់របស់ក្រុមហ៊ុនApple ពុំមែនជារឿងចៃដន្យឡើយ។

ប៉ុន្តែកាលពីដើមឆ្នាំ២០២៤ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានដាក់តាំងបង្ហាញលក់ស្មាតហ្វូនជំនាន់ថ្មី ចុងក្រោយបង្អស់របស់ខ្លួន គឺស៊េរីទូរស័ព្ទ Galaxy S24 គួបផ្សំជាមួយនឹងការនាំចេញសរុបជាង៦០លានគ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here