តម្រូវការជួលឈ្មួញកណ្តាលនៅប្រទេសវៀតណាមបានកើនឡើង វិញស្របពេលទីផ្សារអចលនទ្រព្យស្ទុះងើបឡើងវិញ

0

ដោយ: គង់ លាងហួរ

ហាណូយ: ឈ្មួញកណ្តាលអចលនទ្រព្យ កំពុងវិលត្រឡប់មកធ្វើការងារចាស់របស់ខ្លួនឡើងវិញ ដោយសារទីផ្សារបង្ហាញពីសញ្ញានៃការស្ទុះងើបឡើងវិញ បន្ទាប់ពីពួកគេបានប្តូរ ទៅរកការងារផ្សេងទៀតកាលពីឆ្នាំមុន។

បច្ចុប្បន្ននេះ ដោយមានវ័យ៣២ឆ្នាំ អ្នកនាង Bao Ngoc បានធ្វើការនៅក្នុងឧស្សាហកម្ម អចលនទ្រព្យអស់រយៈពេល៥ឆ្នាំ ដោយលក់ដី និងផ្ទះ ក្នុងរដ្ឋធានីហាណូយ ប៉ុន្តែដូចអ្នកផ្សេងទៀតដែរ អ្នកនាងបានលាឈប់ពីការងារនេះកាលពីឆ្នាំមុន ដើម្បីប្តូរទៅលក់គ្រឿងសម្អាងតាមអ៊ីនធឺណេតវិញម្តង។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ្នកនាង Ngoc បានចូលមកដាក់ពាក្យការងារ ក្នុងតួនាទីជាឈ្មួញកណ្តាលអចលនទ្រព្យឡើងវិញ បន្ទាប់ពីបានឮដំណឹងថា អតីតសហការីមួយចំនួនរបស់ខ្លួនបានវិលមកធ្វើការងារនេះឡើងវិញ។

លោក Nguyen Minh Duc នាយកក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យមួយនៅទីក្រុងហាណូយ បានមានប្រសាសន៍ឱ្យដឹងថា អតីតបុគ្គលិកជាច្រើន បានខលទូរស័ព្ទមកលោក នាពេលថ្មីៗនេះ ដើម្បីស្វែងរកឱកាសដើម្បីចូលធ្វើការវិញ។

នៅពេលនេះ ក្រុមហ៊ុនរបស់លោក Nguyen កំពុងលក់ដីឡូតិ៍នៅខេត្ត Bac Giang ស្ថិតនៅភាគខាងជើង នៃប្រទេសវៀតណាម ដោយក្រុមហ៊ុនគ្រោង នឹងជួលឈ្មួញកណ្តាលចំនួន៥០នាក់ នៅចុងឆ្នាំនេះ។

ចំណែកក្រុមហ៊ុន Dat Xanh Services ដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាមបានប្រកាសថា ខ្លួនគ្រោងជួលឈ្មួញកណ្តាលឱ្យបានចំនួន៤.០០០នាក់ គិតត្រឹមដំណាច់ត្រីមាសនេះ ដែលកើនឡើងទ្វេរដងបើប្រៀបធៀបនឹងឆ្នាំមុន។

ការជួលបុគ្គលិកឱ្យកាន់តួនាទី ជាឈ្មួញកណ្តាលនៅតាមបណ្តាក្រុមហ៊ុននានាមានការកើនឡើង ស្របពេលដែលទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាម កំពុងបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញ។

ជាក់ស្តែងតម្លៃអាផាតម៉ិន នៅទីក្រុងហាណូយ បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន១៩ភាគរយ ខណៈដែលតម្លៃដីធ្លីនៅក្នុងតំបន់ជាយក្រុង បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ចាប់ពី១០ ទៅដល់២០%៕ប្រភព: VNexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here