ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកំពុងតែជំរុញសន្ទុះទីផ្សារអចលនទ្រព្យលក់រាយនៅក្នុងទីក្រុងហុងកុង យ៉ាងសន្សឹមៗ ដោយជំរុញឱ្យអត្រាទុកទំនេរចោលនៃកន្លែងលក់រាយធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ។
តួយ៉ាង អត្រាទុកទំនេរចោលនៃកន្លែងលក់រាយសរុបជារួម( Retail space) បានធ្លាក់ចុះមកនៅត្រឹម៩,៦ភាគរយនៅក្នុងខែមីនា បើធៀបនឹងអត្រា១០ភាគរយកាលពីឆ្នាំមុន ហើយអត្រានេះនឹងរក្សាស្ថិរភាពក្នុងរយៈពេល៦ខែខាងមុខ។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Midland IC&I ។
ទោះជាយ៉ាងណាក្តី ទីផ្សារលក់រាយនៅតំបន់ភាគពាយ័ព្យនៃទីក្រុងហុងកុង មិនបានស្ទុះងើបឡើងវិញឡើយ ដោយសារប្រជាជនហុងកុងភាគច្រើនដែលរស់នៅទីនោះ បានសម្រុកធ្វើដំណើរទៅទិញទំនិញ និងសេវាកម្ម នៅក្នុងទីក្រុង Shenzhen និងបណ្តាទីក្រុងជិតខាងផ្សេងទៀតនៅតំបន់ចិនដីគោក ព្រោះវាមានតម្លៃថោកជោង។
ទីភ្នាក់ងារអចលនទ្រព្យខាងលើបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា “ទំហំនៃការលក់រាយនៅក្នុងទីក្រុងហុងកុងបានស្ទុះងើបឡើងវិញ ហើយឧស្សាហកម្មលក់រាយនៅក្នុងតំបន់ស្នូលទាំង៤បានបន្តងើបឡើងវិញ” ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន South China Morning Post។






