រដ្ឋាភិបាលម៉ាឡេសុីគ្រោងលើកទឹកចិត្តផ្នែកពន្ធ ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាមកពីទូទាំងពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ីគ្រោងសាងសង់សួនឧស្សាហកម្មដ៏ធំបំផុតនៅតំបន់អាស៊ាន ហើយនឹងផ្តល់នូវការលើកទឹកចិត្ត ដូចជាការបន្ធូរបន្ថយពន្ធ ប្រាក់ឧបត្ថម្ភធន និងថ្លៃលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកវិនិយោគនៅទូទាំងពិភពលោក។

នាយករដ្ឋមន្ត្រីម៉ាឡេសុី លោក Anwar Ibrahim បានលើកឡើងយ៉ាងដូច្នេះថា សួនឧទ្យាននេះនឹងត្រូវបានគាំទ្រដោយរដ្ឋ Selangor ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសម៉ាឡេស៊ី។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។

លោកបានបន្តថា “សួននេះនឹងទាក់ទាញ អ្នកជួលលំដាប់ពិភពលោក និងចាប់ដៃរួមសហការគ្នាជាមួយក្រុមហ៊ុនលំដាប់ពិភពលោក ដូចជា ក្រុមហ៊ុនបច្ចេកវិទ្យារបស់អង់គ្លេស Arm Holdings ជាដើម”។ ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីរឿងនេះបន្ថែមទៀតនោះទេ។

លោក Anwar បានថ្លែងប្រាប់ព្រឹត្តិការណ៍ KL20 Summit ថា រដ្ឋាភិបាល ក៏គ្រោងនឹងបោះទុនវិនិយោគនៅក្នុងក្រុមហ៊ុនម៉ាឡេស៊ីទាំងឡាយណា ដែលមានកំណើនខ្ពស់ប្រកបដោយភាពច្នៃប្រឌិត ដោយវិភាជន៍មូលនិធិដំបូងក្នុងទំហំទឹកប្រាក់ចំនួន១ពាន់លានរីងហ្គីត (ប្រមាណ២០៩លានដុល្លារ)។

ចំណែក លោក Rafizi Ramli រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេសុី បានលើកឡើងថា រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្ត រួមទាំង ការឧបត្ថម្ភធន និងការបញ្ចុះអត្រាពន្ធសាជីវកម្មសម្រាប់ក្រុមហ៊ុនបណ្តាក់ទុនបរទេស សហគ្រិន និងក្រុមហ៊ុនបច្ចេកវិទ្យាទើបតែបង្កើតថ្មី (Tech Startups) ដែលមានតម្លៃទីផ្សារជាង១ពាន់លានដុល្លារ និងកំពុងសម្លឹងរកមើលឱកាសវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី។

លោក Rafizi បានបញ្ជាក់បន្ថែមថា “យើងមានបំណងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងពិភពលោកឱ្យចូលមកបណ្តាក់ទុននៅក្នុងប្រទេសម៉ាឡេស៊ី ដូច្នេះការងារដែលមានជំនាញ និងការងារដែលមានតម្លៃខ្ពស់នឹងត្រូវបានបង្កើតឡើងជាក់ជាមិនខានឡើយ”៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here