មន្ត្រីជាន់ខ្ពស់: ម៉ាឡេស៊ីត្រូវការពេលវេលាដើម្បីសិក្សាសំណើបង្កើតទិដ្ឋាការរួមគ្នាជាមួយប្រទេស អាស៊ានចំនួន៦ រួមទាំងកម្ពុជា

0

ដោយ: គង់ លាងហួរ
បាងកក: ប្រទេសម៉ាឡេស៊ីត្រូវការពេលវេលាបន្ថែមទៀតដើម្បីពិចារណាលើសំណើរបស់ប្រទេសថៃ ក្នុងការបង្កើតកម្មវិធីទិដ្ឋាការរួមគ្នាជាមួយប្រទេសអាស៊ានចំនួន៦ផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនមកកាន់តំបន់។

លោក Saifuddin Nasution Ismail រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេសុី បានមានប្រសាសន៍ឱ្យដឹងថា សំណើនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការពិភាក្សា ហើយម៉ាឡេស៊ីចាំបាច់ត្រូវទទួលបានព័ត៌មានបន្ថែមទៀត។

លោក Saifuddin បានថ្លែងប្រាប់សារពត៌មាន Bernama នាពេលថ្មីៗនេះថា“ប្រទេសថៃគ្រោងទាញយកផលប្រយោជន៍ពីកិច្ចសហការនៃបណ្តាប្រទេសអាស៊ានចំនួន៦ ដែលមានសក្តានុពលនៅក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ច។ ប៉ុន្តែ ជានិច្ចកាល ម៉ាឡេស៊ីតែងតែស្វែងរកតុល្យភាពរវាងសក្តានុពលសេដ្ឋកិច្ច និងផលប្រយោជន៍នៃការរក្សាសន្តិសុខជាតិ”។

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីសុីន បានស្នើ បង្កើតកម្មវិធីទិដ្ឋាការរួមគ្នាជាមួយប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេស ទាំង៦ ដែលទាក់ទាញបានភ្ញៀវទេសចរបរទេសសរុបបញ្ចូលគ្នាចំនួន៧០លាននាក់ចូលមកទស្សនាកាលពីឆ្នាំ២០២៣។

ជាមួយគ្នានេះ លោក Saifuddin បានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីគ្រោងស្នើទៅកាន់ប្រទេសចិន ឱ្យពង្រីករយៈពេលនៃការលើកលែងទិដ្ឋាការទេសចរណ៍សម្រាប់ប្រជាជនម៉ាឡេស៊ីពី១៥ថ្ងៃនាពេលបច្ចុប្បន្នឡើងទៅដល់៣០ថ្ងៃនាពេលខាងមុខ។

លោក រដ្ឋមន្ត្រីបាន មានប្រសាសន៍ឱ្យដឹងបន្តទៀតថា សំណើ នេះ នឹង ត្រូវ ដាក់ ជូនទៅ កាន់លោកនាយក រដ្ឋមន្ត្រី Anwar Ibrahim ដើម្បី អនុម័ត ជា មុន សិន។

ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ប្រទេសម៉ាឡេស៊ីបានអនុវត្តការលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃសម្រាប់ពលរដ្ឋចិន ខណៈដែលរដ្ឋាភិបាលចិនបានផ្តល់ការលើកលែងទិដ្ឋាការរយៈពេល១៥ថ្ងៃសម្រាប់អ្នកធ្វើដំណើរពីប្រទេសម៉ាឡេស៊ី៕ប្រភព: The Sun៕

LEAVE A REPLY

Please enter your comment!
Please enter your name here