កម្ពុជាត្រៀមចេញដំណើរទៅគោះទ្វារវិនិយោគិនដល់សហរដ្ឋ អាមេរិកនាពេលខាងមុខ

0

        ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីគំរោងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគិន ដែលគ្រោងនឹងរៀប​ចំក្នុងពេលឆាប់ៗខាងមុខនេះ។

លោកស៊ុន ចាន់ថុលបានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលបានចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈអាណត្តិកាទូតរបស់លោកបានបញ្ចប់។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រលើការកសាងសមត្ថភាព ពិសេសជូនមន្ត្រីក្រោមក្រមខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោក ឯកអគ្គរដ្ឋទូត បានពិភាក្សាលើប្រធានបទនានាជាច្រើន នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយក្នុងនោះ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍លើកឡើងអំពី មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ក្រោមក្របខណ្ឌកម្មវិធីជំនួយបរទេសនានា (Foreign Assistance) កត់សម្គាល់ដូចជាគម្រោង “USAID” ជាដើម ដែលគម្រោងទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការងារជាច្រើន ពង្រឹងសមត្ថភាពយុវជនកម្ពុជា ព្រមទាំងអាចរួមចំណែកជំរុញឱ្យកម្ពុជា សម្រេចបាននូវផែនការជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០របស់ខ្លួនផងដែរ។

បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរកម្ពុជា ដោយហេតុថាស្របពេលដែលពិភពលោក ស្ថិតក្នុងភាពច្របូកច្របល់នៃស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងនោះ កម្ពុជាបានរៀបចំយ៉ាងល្អប្រសើរក្នុងការទទួលប្រធានា​ធិបតី Joe Biden នាពេលកន្លងទៅ ព្រមទាំងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here