វិភាគៈ កំដៅភូមិសាស្រ្តនយោបាយកំពុងរុញឲ្យចិន កម្ពុជា ឡាវកាន់តែកៀកស្មាគ្នា

0

        ដោយៈ យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញៈ កំដៅព្រះអាទិត្យនៅតំបន់ឥណ្ឌូចិន កំពុងកើនឡើង ស្របពេលបញ្ហាភូមិសាស្រ្តនយោបាយ បាននិងកំពុងធ្វើឲ្យគេមើលឃើញថា ចិនត្រូវពង្រឹងឥទ្ឋិពលរបស់ខ្ឡួន នៅប្លុកអាស៊ានបន្ថែមទៀត។

ឥណ្ឌូចិន ដែលសំដៅដល់ប្រទេសកម្ពុជា ឡាវ និងវៀតណាម បាននិងកំពុងក្លាយជាទីលានប្រយុទ្ឋ ផ្នែកភូមិសាស្រ្តនយោបាយនៅដើមសតវត្សរ៍ទី២១នេះ ដោយសារវៀតណាមកំពុងព្យាយាម ពង្រីកឥទ្ឋិពលរបស់ខ្លួនលើប្រទេសកម្ពុជា និងឡាវ តាមរយៈការងាកទៅចងសម្ព័ន្ឋមិត្តជាមួយសហរដ្ឋអាមេរិក និងជាអ្វីស្ថិតក្នុងមហិច្ឆតារបស់ខ្លួនជាយូរមកហើយ។

មហិច្ឆតារបស់វៀតណាម និងអាមេរិក
ការងាកទៅប្រកៀកស្មា ជាមួយសហរដ្ឋអាមេរិករបស់វៀតណាម បាននិងកំពុងធ្វើឡើងកាន់តែស្អិតរមួត ស្របពេលសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមបន្ថយឥទ្ឋិពលចិន និងបង្អាកការឈានឡើងរបស់ចិន ដើម្បីទប់ស្កាត់មហាយក្សចិន មិនឲ្យក្លាយជាបងធំទី១ នៅក្នុងពិភពលោក។

ក្នុងសេនារីយោដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា និងឡាវ សហរដ្ឋអាមេរិក បាននិងកំពុងជម្រុញឲ្យវៀតណាម ជាបងធំក្នុងតំបន់អាស៊ាននាពេលអនាគត ដែលនេះមិនមែនជាការចៃដន្យឡើយ ប៉ុន្តែអាមេរិកបាននិងកំពុងជម្រុញឲ្យសម្ព័ន្ឋមិត្ត និងក្រុមហ៊ុនធំៗរបស់ខ្លួនបោះទុនវិនិយោគនៅប្រទេសវៀតណាម ពិសេសជម្រុញឲ្យក្រុមហ៊ុនរបស់ខ្លួនចាកចេញពីប្រទេសចិន ដើម្បីឲ្យសេដ្ឋកិច្ចចិនធ្លាក់ក្នុងឱ​នភាព។

សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ “យុទ្ឋសាស្រ្តឥណ្ឌូចិនថ្មី” ដែលយើងអាចពិចារណា និងមើលឃើញលើទិដ្ឋភាពជាច្រើន រួមមាន ទី១ ជម្រុញឲ្យវៀតណាម ក្លាយជាមូលដ្ឋានផលិតកម្ម និងឧស្សាហកម្មធំមួយ ដើម្បីបន្សា​បឥទ្ឋិពលចិនផង ទី២ ធ្វើឲ្យវៀតណាម កាន់តែមានសាច់ដុំធំជាងមុននៅក្នុងតំបន់ ទី៣ ធ្វើឲ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ដើម្បីខ្លួនអាចបន្តគ្រប់​គ្រងពិភពលោកបានតទៅទៀត។

ទី៤ អនុញ្ញាត្តឲ្យវៀតណាម ក្លាយជាយក្សមួយនៅអាស៊ីអាគ្នេយ៍នាពេលអនាគត ទី៥ រារាំងសកម្មភាព និងទប់ស្កាត់ឥទ្ឋិពលចិននៅតំបន់អាស៊ាន ក៏ដូចជា នៅកម្ពុជា និងឡាវ។

ប្រវត្តិសាស្រ្តដ៏ជូរចត់
ក្នុងប្រវត្តិសាស្រ្ត អ្នកឈឺចាប់ជាងគេក្នុងតំបន់នេះ មានតែកម្ពុជា និងឡាវ ដែលរងនូវការឈ្លានពាន មិនចេះចប់មិនចេះហើយ សូម្បីតែក្នុងសតវត្សរ៍ទី២១នេះ។

ប្រទេសវៀតណាម បានប្រើប្រាស់គ្រប់ធ្យោបាយ ដើម្បីលេបយកឥណ្ឌូចិន (កម្ពុជា ឡាវ) ដែលនេះជាសុបិនរបស់លោកហូ ជីម៉ិញជាមហាបុរសរបស់វៀតណាម ដែលប្រជាជនប្រទេសនេះ គោរពដូចជាព្រះរបស់ខ្លួន ហើយមេដឹកនាំក្រោយៗមកទៀត បាននិងកំពុងបន្តដើរតាមសុបិនរបស់លោកហូ ជីម៉ិញ។

ប៉ុន្តែមហិច្ឆតានេះ ត្រូវបានរារាំងដោយមហាយក្សចិន ព្រោះហេតុផលទី១ ចិនមិនអនុញ្ញាត្តឲ្យវៀតណាម លេបយកកម្ពុជា និងឡាវបានឡើយ ព្រោះប្រសិនជាវៀតណាមលេបកម្ពុជា និងឡាវបាន វៀតណាម នឹងក្លាយជា “យក្ស” មួយទៀត នៅតំបន់អាស៊ី ដែលចិនពិបាកក្នុងការធ្វើកិច្ចការរបស់ខ្លួន ទី២ មេដឹកនាំកម្ពុជា ឡាវបាននិងកំពុងត្រៀមខ្លួនជាស្រេច ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ទី៣ បណ្តាសារភូមិសាស្រ្តនយោបាយ បាននិងកំពុងធ្វើឲ្យកម្ពុជា ឡាវ និងចិនត្រូវប្រកៀកស្មាគ្នា កាន់តែរ៉ឹងមាំជាងមុន ដើម្បីកាត់បន្ថយឥទ្ឋិពល​របស់អាមេរិកនៅក្នុងតំបន់នេះ។

កំដៅព្រែកជីកហ្វូណន
ការប្រកាសជីកព្រែកហ្វូណនតេជោ ដែលមានប្រវែងប្រមាណ១៨៧គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រក្នុងខេត្តកែប ជាមហិច្ឆតារបស់កម្ពុជា មានគោលដៅសំខាន់ៗចំនួន៤ ដូចជា ទី១ ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ដើ​ម្បីពង្រឹងឯករាជ្យភាព និងសមាហរណកម្មផ្ទៃក្នុងកម្ពុជាផង ទី២ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសវៀតណាមផង និងកំពុងពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ប៉ុន្តែផែនការនេះ បាននិងកំពុងធ្វើឲ្យមេដឹកនាំវៀតណាម មិនសប្បា​យចិត្ត និងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីរារាំងផែនការដ៏ធំ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា។

ទី៣ កម្ពុជាត្រូវការតម្លៃដឹកជញ្ជូនទាប ដើម្បីបង្កើតនូវតម្លៃបន្ថែម និងទាញយកតម្លៃបន្ថែមពីសេដ្ឋកិច្ចរបស់ខ្លួន និងទី៤ ជាការបង្ហាញនូវភាពឯករាជ្យ អធិបតេយ្យក្នុងនាមជារដ្ឋមួយ ដែលមិនចាំបាច់ចំណុះប្រទេសដទៃ។

ប៉ុន្តែដើម្បីរារាំងកម្ពុជា មេដឹកនាំវៀតណាមបានរួមដៃជាមួយអាមេរិក ដោយបានធ្វើការសិក្សា និងចោទប្រកាន់កម្ពុជាថា ការជីកព្រែកហ្វូណនតេជោ ជាការអនុញ្ញាត្តឲ្យចិនអាចប្រើប្រាស់ មូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន នៅកៀកនឹងព្រំដែនរបស់ខ្លួន ជាអ្វីដែលពួកគេបារម្ភជ្រុល និងជាចេតនាបង្កអរិភាព មកលើប្រទេសជិតខាងដូចជាកម្ពុជា ខណៈរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាត្តឲ្យប្រទេសណាមួយ ប្រើប្រាស់ទឹកដីខ្លួនជាមួលដ្ឋានកងទ័ពណាមួយឡើយ។

កម្ពុជានៅតែត្រូវការចាប់ដៃជាមួយអាមេរិក
ក្នុងទំនាក់ទំនងកម្រិតទ្វេរភាគី មេដឹកនាំសហរដ្ឋអាមេរិក មិនដែលបើកឱកាសឲ្យកម្ពុជា អាចពង្រឹងទំនាក់ទំនងទ្វេរភាគី មានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទេ ដោយសារហេតុផលជាច្រើន ទី១ កម្ពុជា ប្រទេសតូច សេដ្ឋកិច្ចខ្សោយ ទី២ កម្ពុជាមិនអាចផ្តល់ផលប្រយោជន៍ជាដុំកំភួនដល់សហរដ្ឋអាមេរិកឡើយ ទី៣ កម្ពុជាត្រូវបានអាមេរិកចាត់ទុកជាប្រទេសតូចមួយ ដែលងាយរងឥទ្ឋិពលពីមហាអំណាច និងគ្មានផលប្រយោជន៍ជាដុំកំភួន សម្រាប់អាមេរិកឡើយ។

ប៉ុន្តែទោះជាយ៉ាងណា មេដឹកនាំសហរដ្ឋអាមេរិក ក៏មិនបោះបង់កម្ពុជាទាំងស្រុងឡើយ ជាក់ស្តែងកាលពីឆ្នាំ២០១២ លោកបារ៉ាក់ អូបាម៉ា បានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយឆ្នាំ២០២២ ជាថ្មីម្តងទៀត លោកJoe Bidenប្រធានាធិបតី ដែលមានវ័យចំណាស់បំផុតរបស់អាមេរិក បានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ដែលធ្វើឲ្យមុខមាត់កម្ពុជាលេចត្រដែតលើឆាកអន្តរជាតិយ៉ាងខ្លាំង។

ក្នុងវិស័យពាណិជ្ជកម្ម កម្ពុជានៅតែត្រូវការអាមេរិក ហើយយុទ្ឋសាស្រ្តរបស់មេដឹកនាំកម្ពុជា សម្តេចតេជោអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រើប្រាស់យុទ្ឋសាស្រ្តបែបចម្រុះព៌ណ ហើយយុទ្ឋសាស្រ្តនេះ ត្រូវបានអនុវត្តន៍បន្ត ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រាប់និតិកាលទី៧។

ជាក់ស្តែងទំហំលំហូរពាណិជ្ជកម្មររវាងកម្ពុជា និងអាមេរិក នៅតែជាអាទិភាពមួយ ដែលមេដឹកនាំកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការពូនជ្រុំ និងដុះខាត់ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែភ្លឺចិញ្ចាចឡើង។

ទំនាក់ទំនងដែលម្តងក្តៅ ម្តងត្រជាក់នេះ ត្រូវបានពូនជ្រុំ និងអង្អែលដោយសម្តេចតេជោ តាមរយៈយុទ្ឋសាស្រ្តកាទូតដ៏ប៉ិនប្រសព្វ​របស់ខ្លួន ជាលទ្ឋផលកម្ពុជាបានទទួលការអនុគ្រោះពន្ឋ លើទំនិញនាំចូលតាមរយៈកម្មវិធីGSP ដែលបានផ្តល់នូវគុណតម្លៃ សម្រាប់ការលើកកំពស់សេដ្ឋកិច្ច សង្គមកម្ពុជាឲ្យមានភាពរីកចម្រើនលឿន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

ហេតុនេះការងាកទៅរកចិន ដើម្បីជម្រុញការរីកចម្រើនសេដ្ឋកិច្ចតាមរយៈកញ្ចប់ជំនួយលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ក៏កម្ពុជានៅតែត្រូវការអាមេរិកជាខ្នងបង្អែកដ៏រ៉ឹងមាំ សម្រាប់លំហូរពាណិជ្ជកម្មរបស់ខ្លួនផងដែរ។កម្ពុជាអាចមិនចូលចិត្ត “ឈីហ្វ” តែក៏មិនអាចបោះបង់អាហារបំប៉ននេះ ទៅស្រវាញាំតែ “តៅហ៊ូ”តែមួយមុខនោះឡើយ។

ចិន កម្ពុជា ឡាវត្រូវប្រកៀកស្មាគ្នា
មិនជាការគាប់ជួនឬរៀបចំទុកជាមុន ខណៈពេលប្រមុខរដ្ឋឡាវ បានមកទស្សនកិច្ចកម្ពុជា ហើយប្រកាសគាំទ្រគំរោង “ព្រែកជីកហ្វូណនតេជោ” ស្របពេលប្រមុខកាទូតចិន កំពុងបំពេញទស្សនកិច្ចនៅកម្ពុជានៅឡើយ។

នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ ប៉ុន្តែវាជាកាតព្វកិច្ចដែលប្រទេសទាំងពីរកម្ពុជា និងមេដឹកនាំឡាវត្រូវប្រកៀកស្មាគ្នាកាន់​តែស្អិតរមួតជាងមុន ជាមួយមេដឹកនាំចិន ដើម្បីការពារអធិបតេ​យ្យ​ភាព បូរណភាពទឹកដីរបស់ខ្លួន ដែលប៉ុនប៉ងត្រួតត្រា និងលេបត្របាក់ម្តងហើយម្តងទៀត ពីសំណាក់ប្រទេសជិតខាង។

ទំព័រប្រវត្តិសាស្រ្តក្រាលដោយឈាម និងទឹកភ្នែក ព្រមទាំងសោកនាដកម្ម ការពោលពាក្យ “ស្តាយក្រោយ” មិនគួរលើកយកមកថ្លែងទៀតឡើយសម្រាប់មេដឹកនាំកម្ពុជា និងឡាវ ហើយការទាមទារឲ្យគេតបគុណ ដែលខ្លួនបានធ្វើលើប្រទេសជិតខាង ក៏មិនគួរយកមកនិយាយទៀតដែរ ប៉ុន្តែមេដឹកនាំឥណ្ឌូចិនទាំងពីរកម្ពុជា ឡាវ ត្រូវរៀបចំកសាងផែនការមួយ ដែលមានលក្ខណៈជាការការពារខ្លួនផង ជាការបង្ហាញសាច់ដុំផង ដើម្បីបង្ហាញឥស្សនភាព និងឯករាជ្យភាព​របស់ខ្លួន។

មេដឹកនាំដ៏ឆ្នើម និងពោរពេញដោយឥទ្ឋិពលចិន លោកប្រធានា​ធិបតីស៊ី ជីនពីង ពេលអញ្ជើញមកទស្សនកិច្ចនៅក​ម្ពុជា កាលពីឆ្នាំ២០១៦បានប្រកាសរួចហើយថា “ប្រទេសចិននឹងការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងជម្រុញការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត” ស្របពេលទំនាក់ទំនងភាពជាដៃគូ យុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយត្រុវបានពូនជ្រុំ ដោយពង្រីកនូវយុទ្ឋសាស្រ្តត្បូងពេជ្រ និងកំពុងកសាងសហគមន៍មួយ ដែលមានវាសនារួមគ្នា។

ហេតុនេះចិន កម្ពុជា ឡាវ គួរដើរលើទស្សនវិស័យ និងចក្ខុវិស័យរួមមួយ ដើម្បីពង្រីកឥទ្ឋិពលរបស់ខ្លួនក្នុងតំបន់ និងឆ្ពោះទៅកសាងវិបុលភាពរួមនាពេលអនាគតដ៏ត្រចះត្រចង់មួយ។

ព្រះអាទិត្យនៅឥណ្ឌូចិន គួរផ្លាស់ប្តូរព៌ណហើយ និងគួរតែមានភាពត្រជាក់ជាងមុ​ន ហើយមេដឹកនាំ និងប្រជាជាតិក្នុងតំបន់នេះគួររួមគ្នាកសាងសហគមន៍អាស៊ានមួយ ដែលមានភាពសុខដុម ស៊ីវិល័យ ដូចបណ្តាប្រទេសនានាក្នុងសហភាពអឺរ៉ុប សម្រាប់អនាគតមួយដែលគ្មានអរិយភាពនឹងគ្នាតទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here