តើបណ្តាប្រទេសណាខ្លះបានជាប់ឈ្មោះជាប្រទេសអ្នកមានបំផុត នៅលើពិភពលោក?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងម៉ាកាវនៃប្រទេសចិន ដែលត្រូវបានគេដាក់រហ័សនាមថា ជា “ទីក្រុងឡាសវេហ្គាសនៃទ្វីបអាស៊ី” ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមប្រទេស ដែលមានជាងគេបំផុតទាំង១០នៅលើពិភពលោក។

ចំណែក ប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសអ្នកមានបំផុតនៅលើពិភពលោក គឺប្រទេសលុចសំបួរ តាមពីក្រោយដោយប្រទេសអៀរឡង់ ប្រទេសសិង្ហបុរី ប្រទេសកាតា តំបន់ម៉ាកាវ ប្រទេសស្វីស ប្រទេសអារ៉ាប់រួម ប្រទេស San Marino ប្រទេសន័រវេស និងសហរដ្ឋអាមេរិក។

ទីក្រុងម៉ាកាវ​ជា​តំបន់​រស់រវើក និង​សម្បូរ​បែប​វប្បធម៌ ដែល​មាន​ទីតាំង​នៅ​ឆ្នេរ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ទីក្រុងនេះមានឧបទ្វីបចំនួន១ និងកោះចំនួន២ នៅតំបន់ដីសណ្ដទន្លេគុជ ជាប់ព្រំប្រទល់ខេត្តក្វាងទុងនៅភាគខាងជើង និងបែរមុខទៅសមុទ្រចិនខាងត្បូងឆ្ពោះទៅទិសខាងកើត និងទិសខាងត្បូង។

ចាប់តាំងពីចុងសតវត្សន៍ទី២០ ទីក្រុងម៉ាកាវ បានក្លាយទៅជាទីក្រុងរមណីយដ្ឋានដ៏លេចធ្លោ និងជាគោលដៅនាំមុខគេ សម្រាប់វិស័យទេសចរណ៍បែបល្បែងស៊ីសង។ ឧស្សាហកម្មល្បែងស៊ីសង របស់តំបន់រដ្ឋបាលពិសេសម៉ាកាវ មានទំហំធំជាងទីក្រុង Las Vegas ដល់ទៅ៧ដង។

ជាមួយនឹងប្រជាជនរស់នៅប្រមាណ៧០០.០០០នាក់ និងកាស៊ីណូជាង៤០ទីតាំង នៅក្នុងតំបន់ទំហំ៣០គីឡូម៉ែត្រការ៉េ ទីក្រុងម៉ាកាវបានក្លាយជាមជ្ឈមណ្ឌល រកប្រាក់ចំណេញដ៏ច្រើនមហាសាល។

ក្រៅពីអាជីវកម្មកាស៊ីណូរបស់ខ្លួន តំបន់ម៉ាកាវគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែប ទីតាំងប្រវត្តិសាស្ត្រ និងកន្លែងកម្សាន្តដ៏រស់រវើក។

មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ដែលចុះបញ្ជីក្នុងអង្គការយូណេស្កូ បូក រួមជាមួយនឹងការលាយបញ្ចូលគ្នា នៃស្ថាបត្យកម្មបែបព័រទុយហ្គាល់ និងចិននៅទីក្រុងម៉ាកាវ គឺជាចំណុចទាក់ទាញដ៏ពិសេសសម្រាប់ភ្ញៀវទេសចរ ដែលការណ៍នេះរួមចំណែកដល់សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈវិស័យបដិសណ្ឋារកិច្ច ការលក់រាយ និងឧស្សាហកម្មផ្សេងទៀត ដែលទាក់ទងនឹងវិស័យទេសចរណ៍។

ទីក្រុងម៉ាកាវក៏បម្រើជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ ដោយផ្តល់ជូននូវសេវាកម្មធនាគារ ធានារ៉ាប់រង និងការវិនិយោគជាច្រើន។ ទីក្រុងនេះស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រ និងមានកំពង់ផែសេរី ដែលទាក់ទាញដល់ក្រុមហ៊ុនសាជីវកម្ម ចម្រុះជាតិសាសន៍ចូលមកបណ្តាក់ទុន។

ដោយសារស្ថិតនៅលើដីសណ្ដទន្លេគុជ (Pearl River) ទីក្រុងម៉ាកាវ ទទួលបានអត្ថប្រយោជន៍ជាច្រើន ព្រោះម៉ាកាវស្ថិតនៅជិតទីក្រុងហុងកុង និងចិនដីគោក ដែលធ្វើឱ្យម៉ាកាវក្លាយជាច្រកផ្លូវដ៏សំខាន់មួយ សម្រាប់ការដោះដូរពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់៕ប្រភព:Express.co.uk.៕

LEAVE A REPLY

Please enter your comment!
Please enter your name here