ទីក្រុងសេអ៊ូលគ្រោងសាងសង់ផែទេសចរណ៍ ព្រមទាំងអចលនទ្រព្យ នៅលើដងទន្លេរHan

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងសាងសង់សមិទ្ធិផលថ្មីបន្ថែមទៀត ដូចជាផែទេសចរណ៍នៅដងទន្លេ Han ក្នុងទីក្រុងសេអ៊ូល ដើម្បីប្រែក្លាយរដ្ឋធានីនេះទៅជា “ទីក្រុងទន្លេ”នៅឆ្នាំ២០៣០ខាងមុខ។នេះបើយោងតាមសារពត៌មាន Korea Times។

គម្រោង​តម្លៃ៥៥០ពាន់លានវ៉ុន (ប្រមាណ៤០១លានដុល្លារ)នេះ​ រួម​មាន​ ការសាងសង់សណ្ឋាគារ​បណ្តែត​ទឹក អគារ​ការិយាល័យ ភោជនីយដ្ឋាន​អន្តរជាតិ និង​កំពង់ផែទេសចរណ៍​ក្នុង​ទីក្រុង។ ផែបណ្តែតទឹកនេះ ក៏នឹងមានកន្លែងញ៉ាំអាហារលំដាប់អន្តរជាតិ កន្លែងសំដែងដោយផ្ទាល់នៅលើឆាក ការដឹកជញ្ជូនតាមផ្លូវទឹក និងសេវាកម្មទេសចរណ៍ ផ្សេងៗជាច្រើនទៀត។

ចំណែកកីឡាក្នុងទឹក និងហេដ្ឋារចនាសម្ព័ន្ធលំហែរ ដូចជា ឧទ្យា​នជិះស្គីលើទឹកតាមខ្សែកាប ក៏នឹងត្រូវបានរៀបចំឡើងផងដែរ។ លើសពីនេះ ទីក្រុងសេអ៊ូល ក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌នៅតាមដងទន្លេ និងកម្មវិធីកម្សាន្តជាច្រើនដូចជា ក្បួនដង្ហែទូក និងការចាក់បញ្ចាំងភាពយន្តជាដើម។បន្ថែមពីលើនេះ នៅខែតុលាខាងមុខ ទីក្រុងសេអ៊ូលនឹងបង្កើតកំពង់ផែមួយ នៅភាគខាងលិចនៃទន្លេរ Han នៅខាងក្រោមចុងខាងត្បូងនៃស្ពាន Mapo Bridge ដើម្បីជួយសម្រួលដល់ប្រតិបត្តិការសាឡាងទេសចរណ៍។

ចំណែកឯ ដើមទុនវិនិយោគមានប្រភព មកពីលុយរដ្ឋចំនួន២៣៦,៦ពាន់លានវ៉ុន គួបផ្សំជាមួយនឹងការផ្តល់មូលនិធិឯកជនចំនួន៣១៣,៥ពានលានវ៉ុន។

យោងតាមរដ្ឋបាលទីក្រុងសេអ៊ូលបានឱ្យដឹងថា បច្ចុប្បន្នផែ បណ្តែតទឹកនៅលើទន្លេរHan មានអ្នកមកទស្សនាត្រឹមតែប្រមាណ៩០ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ ខណៈដែលសួនច្បារមាត់ទន្លេទទួលបានអ្នកមកទស្សនាជាង៦៩លាននាក់។

លោក Oh Se-hoon អភិបាលក្រុងសេអ៊ូល បានថ្លែងក្នុងសន្និ​សីទសារព័ត៌មានមួយ នៅសាលាក្រុងសេអ៊ូល ថា “គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនសក្ដានុពល កំណើនសេដ្ឋកិច្ចក្នុងទីក្រុង ដោយប្រើប្រាស់ទន្លេរ ដែលហូរកាត់រដ្ឋធានីសេអ៊ូល”។

លោក Oh បានមានប្រសាសន៍ឱ្យដឹងបន្ថែមទៀតថា “គម្រោងនេះនឹងប្រែក្លាយទន្លេរHan ទៅជាកន្លែងមួយ ដែលប្រជាពលរដ្ឋអាចមកលំហែរីករាយ នឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ”។ ទន្លេរ Han នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលកម្សាន្ត និងជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍”។

ជាមួយគ្នានេះ រដ្ឋបាលទីក្រុងសេអ៊ូលរំពឹងថា គម្រោងនេះនឹងបង្កើតបានផលចំណេញ ផ្នែកសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ចំនួន៩២៥,៦ពាន់លានវ៉ុន ក្នុងមួយឆ្នាំនិងបង្កើតការងារបានប្រហែល៦.៨០០កន្លែង៕ប្រភព: Korea  Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here