បណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ាចំនួន៤ ចុះកិច្ចព្រមព្រៀងបង្កើតផ្លូវដឹកជញ្ជូនតម្លៃ១៧ពាន់លានដុល្លារទៅកាន់ទ្វីបអឺរ៉ុប

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសកាតា ទួរគី អ៊ីរ៉ាក់ និងអារ៉ាប់រួម បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាចតុភាគី ដើម្បីបង្កើតគម្រោងផ្លូវអភិវឌ្ឍន៍ ក្នុងគោលបំណងតភ្ជាប់បណ្តាប្រទេស នៅតំបន់មជ្ឈឹមបូព៌ា និងតំបន់អឺរ៉ុប តាមរយៈប្រទេសទួរគី។

ពិធីចុះហត្ថលេខានេះរៀបចំឡើងនៅរដ្ឋធានី Baghdad ប្រទេ​សអ៊ីរ៉ាក់ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia Al-Sudani។

ចំណែក ប្រទេសកាតាបានចាត់ឱ្យរដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូនរបស់ខ្លួនមកចូលរួមជាអ្នកតំណាង។
ប្រសិនបើបញ្ចប់ការសាងសង់រួចរាល់ គម្រោងនេះនឹងលាតសន្ធឹងប្រវែង១.២០០គីឡូម៉ែត្រ និងតភ្ជាប់កំពង់ផែ Grand Faw នៅភាគខាងត្បូង នៃប្រទេសអ៊ីរ៉ាក់ ទៅកាន់ភាគខាងជើងនៃព្រំដែនទួរគី និងអឺរ៉ុប តាមរយៈផ្លូវដែក និងផ្លូវហាយវេ។

គម្រោងនេះ នឹងត្រូវបានអនុវត្តន៍ជា៣ដំណាក់កាល ដោយដំណាក់កាលដំបូងត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់នៅឆ្នាំ២០២៨។ ដំណាក់កាលទីពីរនឹងបញ្ចប់នៅឆ្នាំ២០៣៣ ខណៈដំណា​ក់កាលទីបីនឹងបញ្ចប់នៅឆ្នាំ២០៥០។

គម្រោងតម្លៃ១៧ពាន់លានដុល្លារនេះ ក៏នឹងប្រែក្លាយអ៊ីរ៉ាក់ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏សំខាន់មួយរបស់ពិភពលោក។ បច្ចុប្ប​ន្នការនាំចេញប្រេង គ្របដណ្តប់ចំណែកជាង៥៥ភាគរយ នៃផលទុនជាតិសរុប(GDP)របស់ប្រទេសនេះ។

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងចតុភាគីនេះ នឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិរវាងតំបន់មជ្ឈឹមបូព៌ា និងប្រទេសលោកខាងលិច ហើយវាក៏នឹងផ្តល់នូវផ្លូវដឹកជញ្ជូន ដែលមានការប្រកួតប្រជែងថ្មី និងលើកកម្ពស់វិបុលភាពសេដ្ឋកិច្ចក្នុងតំបន់”៕ប្រភព: Doha News៕

LEAVE A REPLY

Please enter your comment!
Please enter your name here