ថ្នាក់ដឹកនាំសមាគមCEMEAគាំទ្រគំរោងព្រែកជីកហ្វូណនតេជោ

0

ដោយៈ សហសេវិក

        ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រនូវផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការជីកព្រែកជីក “ហ្វូណនតេជោ”។

លោកកៃ គឹមសុង អនុប្រធានសមាគមCEMEAបានលើកឡើងកាលពីល្ងាចថ្ងៃទី២៥ មេសាថា លោកគាំទ្ររាជរដ្ឋាភិបាលទាំងស្រុង ព្រោះព្រែកជីកនេះ ជាអត្ថប្រយោជន៍សេដ្ឋកិច្ចកម្ពុជា ហើយការជីកព្រែកនេះ ដើម្បីកុំឲ្យយើងខ្ចីដង្ហើមប្រទេសជិតខាងដកតទៅទៀត។លោកបញ្ជាក់ថា “អ្វីដែលជាគំរោងរបស់កម្ពុជា កម្ពុជាត្រូវតែធ្វើ ព្រោះវាស្ថិតនៅលើទឹកដីកម្ពុជា ប្រទេសផ្សេងមានសិទ្ឋ មានអំណាចអី ដែលត្រូវមកត្រួតត្រាលើប្រទេសយើងតទៅទៀតទី១”។ ទី២ បើទន្លេរមេគង្គមិនមានផលប៉ះពាល់អ្វីទេ វានៅដៃទន្លេរបាសាក់”។

លោកបន្តថា នៅពេលប្រទេសប្រទេសវៀតណាមជីកព្រែក និងសាងសង់ទំនប់វារីអគ្គិសនី កម្ពុជាមិនដែលឈឺក្បាលនោះឡើយ ហើ​យវៀតណាមមិនបានប្រាប់កម្ពុជាទេ។ ដូច្នេះកម្ពុជាមិនចាំបាច់អី ត្រូវប្រាប់ ឬសុំប្រទេសវៀតណាមទេ។
លោកបានបន្តដោយលើកជាសំណួរថា “កន្លងមកវៀតណាម ប្រកាសថា ជាបងប្អូនរបស់កម្ពុជា អញ្ចឹងហេតុអីត្រួវជំទាស់ ឬមិនចង់ឃើញកម្ពុជារីកចម្រើនឬយ៉ាងណា?។

ចំណែកលោកស្រីគីម ជិនហៀ ហៅហាន ស៊ូជីនអនុប្រធានសមាគមដដែលនេះបានបញ្ជា​ក់ថា អ្វីដែលលោកស្រីដឹង គឺព្រែកជីកនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេង ក្នុងការដឹកជញ្ជូនតាមផ្លូវទឹក តភ្ជាប់ទៅកាន់សមុទ្រ។លោកស្រីបន្តថា “វាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ច ព្រោះព្រែកជីកនេះកាត់បន្ថយចម្ងា​យ ពេលវេលា តម្លៃ និងនិតិវិធីបែបបទនានា”។ លោកស្រីបន្ថែមថា “យើងនឹងងាយស្រួល ក្នុងការដឹកជញ្ជូនទៅកាន់ប្រទេសទី៣ ក្នុងតម្លៃដឹកជញ្ជូនចេញ និងចូលក្នុងតម្លៃសមរម្យ និងមានភាពឆាប់រហ័ស”។

លោកស្រីហាន ស៊ូជីនបានបន្តថា “ព្រែកជីកហ្វូណនតេជោ នឹងអាចឲ្យកម្ពុជា មានភាពរីកចម្រើនលើវិស័យទេសចរណ៍ និងអភិវឌ្ឍន៍ប្រទេសបានទំនើប និងនាំកម្ពុជាឆ្ពោះទៅកាន់ឋានៈ ជាប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ។លើសពីនេះ លោកលីម ឡាយហ៊ត អនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ព្រែកជីកហ្វូណន ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ប្រទេសកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ដូច្នេះហេដ្ឋារចនាសម្ព័ន្ឋពិតជាចាំបាច់ខ្លាំង ទាំង ផ្លូវគោក ផ្លូវដែកនិងផ្លូវទឹក ។លោកបញ្ជាក់ថា សព្វថ្ងៃកសិផលរបស់ប្រជាជនកម្ពុជា ពឹងផ្អែកលើការដឹកជញ្ជូនតាមទ្បាន ថ្លៃដឹកជញ្ជូនខ្ពស់ដែលធ្វើអោយកម្ពុជាពិបាកប្រកួតប្រជែងប្រទេសជិតខាង”។ លោកបន្ថែមថា “ដូច្នេះពេលដែលព្រែកជីកហ្វូណន ដាក់អោយប្រើប្រាស់នោះ នឹងធ្វើអោយថ្លៃដឹកកសិផលកម្ពុជាថោកជាងមុន ហើយអាចនាំចេញផ្ទាល់ទៅកាន់បរទេ​ស ដោយមិនចាំបាច់ពឹកផ្អែកលើប្រទេសជិតខាង”។

ជាមួយគ្នានេះ លោកនួន សុថេរ៉ូ សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា សម្រា​ប់លោក ក្នុងនាមជាពលរដ្ឋកម្ពុជា មានមោទនភាពខ្លាំងណាស់ ដែលយើងនឹងមានព្រែកជីកហ្វូណនតេជោនេះ ព្រោះវាផ្តល់សក្តានុពលខ្លាំងណាស់ដល់កម្ពុជា សម្រាប់រយៈពេលយូរអង្វែង រួមទាំងជម្រុញវិស័យសេដ្ឋកិច្ច កសិកម្ម និងវិស័យទេសចរណ៍។លោកបញ្ជាក់បន្តថា “សម្រាប់ជាតិយើងទាំងមូល ដែលមានប្រព័ន្ឋផ្លូវទឹកពីទន្លេរ ដល់សមុទ្រ ជាការបង្កើតឲ្យមានសសៃឈាម​សេដ្ឋកិច្ចដ៏ខ្លាំង”។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមប្រជាពលរដ្ឋម្នាក់ ក៏ដូចជាថ្នាក់ដឹកនាំសមាគម លោកគាំទ្រការជីកព្រែក ដែលមានតម្លៃជាប្រវត្តិសាស្រ្តនេះ ព្រោះព្រែកជីកនេះ​មិនត្រឹមតែផ្តល់គុណតម្លៃផ្នែកសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាជាការពង្រឹងឯករាជ្យភាពរបស់កម្ពុជា។
លោកបន្តថា “កម្ពុជាពុំចាំបាច់ទទួលការយល់ព្រម ពីប្រទេសណាមួយទេ ក្នុងការជីកព្រែកដ៏សំខាន់នេះ ព្រោះព្រែកនេះស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា”។ លោកបន្តថា “ការបង្កអរិយភាពរបស់ប្រទេសជិតខាង មិនមែនជារឿងថ្មីទេក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែប្រទេសជិតខាង គួរមានគំនិតស៊ីវិល័យជាងនេះ ដើម្បីរួមគ្នាក្នុងការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកភាពស៊ីវិល័យ និងវិបុលភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here