កម្ពុជានាំចេញដូងទៅកាន់ប្រទេសចិន និងនាំចេញត្រីងៀត ត្រីឆ្អើរទៅកាន់អូស្រ្តាលីក្នុងសប្តាហ៍តែមួយ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កម្ពុជាបានសម្ភោធការនាំចេញដូង ទៅកាន់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខកាទូតចិនមកកាន់កម្ពុជា កាលពីចន្លោះថ្ងៃទី២១ ដល់២៣ មេសាកន្លងមកនេះ។

ជាមួយគ្នានេះ ក្នុងសប្តាហ៍ដដែល ផលិតផល​របស់​សហ​គ្រាស Home Taste Food មានដូចជា ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើមទម្ងន់៤,៧តោន ត្រូវ​បាន​នាំ​ចេញជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី តាមរយៈ​ការ​ប្រើប្រាស់​និមិត្ត​សញ្ញា​គុណ​ភាព​ផល ផលិតផ​លជលផលកម្ពុជា ហៅកាត់ថា (CQS)។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៥ ខែមេសានេះថា ​ ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការនេះ ធ្វើឡើងដោយដឹកតាមកប៉ាល់។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនេះ នឹងទៅដល់ប្រទេស​អូស្ត្រាលី ​នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាន​នាំ​ចេញ​ផលិត​ផល​ត្រី​កែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស ត្រូវឆ្លងកាត់​ការ​​បណ្ដុះ​បណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែល​សហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ​និង​អង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើក​កម្ពស់​ការ​ប្រកួត​ប្រជែង អនុវត្តនូវ​ប្រព័ន្ធ​ស្តង់ដា​ម្ហូប​អាហារ​នៅ​កម្ពុជា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាតិ និង​អន្តរជាតិ។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការ​ជាមួយ​សហគ្រាសកែច្នៃ ផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថា ប្រតិបត្តិករជលផល បាន​អនុវត្តការត្រួតពិនិត្យគុណភាព និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដារ សុវត្ថិភាព អនុលោមតាមបទបញ្ញាត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។

ចំណែកការនាំចេញដូងពីកម្ពុជា ទៅកាន់ប្រទេសចិនបានសម្ភោធឡើងក្រោមជំនួប នៃកិច្ចប្រជុំគណៈក​ម្មការសម្របសម្រូលកម្ពុជាចិន ដែលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានធ្វើជាសហប្រធានជាមួយលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here