រាជរដ្ឋាភិបាលជំរុញការរៀបចំផលិតផលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិទស្សនាសៀមរាបអង្គរ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  លោកថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង​ប្រធាន​គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ បានបើកកិច្ចប្រជុំលើកទី១ គណៈកម្មការ​គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ដែលកិច្ចប្រជុំនេះ​ក្រុមការងា​រ​អន្តរ​ក្រសួង ជំរុញការរៀបចំ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញ​ទេសចរ​ទស្សនា​ខេត្តសៀមរាប និងស្នាក់នៅបានយូរ។

លោកថោង ខុន បានថ្លែងថា បច្ចុប្បន្ន នៅក្នុង​ដំណើរ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​អង្គរ ឆ្នាំ២០២១ ឆ្នាំ២០៣៥ និងផែនការអភិវឌ្ឍខេត្តសៀមរាប បាននិងកំពុង​ទទួល​បាន​សមិទ្ធិផលជាបណ្តើរៗ ជាពិសេសបណ្តាញផ្លូវនៅក្នុងខេត្ត ផ្លូវតំបន់ប្រាសាទ តំបន់​ព្រៃអង្គរ ជាងនេះទៅទៀត គោលដៅទេសចរណ៍នានាទៀត មានតំបន់ភ្នំគូលេន តំបន់បន្ទាយស្រី តំបន់​បឹង​ទន្លេសាប និងតំបន់មានសក្តានុពលនានា នៅជុំវិញខេត្តសៀមរាប គឺក្រុមការ​ងារ​អន្តរ​ក្រសួង បាននិងកំពុងគិតគូ អភិវឌ្ឍន៍បន្ថែមឲ្យមានភាពប្លែកៗ និង​ការ​ទាក់​ទាញ​ទេសចរ​ស្នាក់​នៅ​យូរ​ទស្សនា​ខេត្តសៀមរាប។

លោកទេសរដ្ឋមន្រ្តីថ្លែងបញ្ជាក់ថា សម្រាប់ការងារលក់សំបុត្រទស្សនាតំបន់អង្គរ សំគាល់ឃើញថា ភ្ញៀវ​អន្តរជាតិ​ភាគច្រើនទិញសំបុ​ត្រទស្សនាតំបន់អង្គរចំនួន៣ថ្ងៃ ច្រើនជាងទិញ​សំបុត្រ​ចូល​ទស្សនា​១​ថ្ងៃ​ ដែលបញ្ហានេះបង្ហាញពីភាពរីកចម្រើន អភិវឌ្ឍខេត្តសៀមរាប និងទាក់ទាញ​ទេសចរ​អន្តរជាតិ​ស្នាក់​នៅ​យូរ ទស្សនាខេត្តសៀមរាប។

ជាមួយគ្នានេះ លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា នៅក្នុង​ដំណើរ​អនុវត្ត​យុទ្ធនាការ​ឆ្នាំ ​ទស្សនា​សៀមរាប អង្គរ២០២៤ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ អន្តរជាតិ កន្លងមកនេះ គឺ​បានទាក់ទាញទេសចរជាតិ អន្តរជាតិទៅទស្សនាខេត្តសៀមរា​ប ហើយបច្ចុប្បន្ន ក្រសួង​ក៏​កំពុង​សហការ និងស្នើសុំស្ថាប័នរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំ សិក្ខាសាលា រៀបចំ​ព្រឹត្តិការណ៍​កម្សាន្តសប្បាយនានា ទៅកាន់ខេត្តសៀមរាបឲ្យបានច្រើន។

តាមការបញ្ជាក់​ពីតំណាងរដ្ឋបាល ខេត្តសៀមរាបបានឲ្យដឹងថា តាមរយៈកំណើន​ទេសចរជាតិ​អន្តរជាតិ ​ទស្សនា​ខេត្តសៀមរាបបច្ចុ​ប្បន្ន គឺបានជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅខេត្តសៀមរាប ប្រមាណ​៨០ទៅ៨៥% គឺបានបើកដំណើរឡើងវិញ ស្របពេលខេត្ត​ក៏កំ​ពុង​បាន​រៀបចំ ​អភិវឌ្ឍន៍​ដង​ស្ទឹង​សៀមរាប អភិវឌ្ឍន៍គោលដៅ​ទេសចរណ៍​នានា​ទៀត ​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទៅទស្សនា​ច្រើ​ន​ជា​ពិសេស​តំបន់បឹងទន្លេសាប តំបន់ភ្នំគូលេន និងតំបន់បន្ទាយស្រីជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here