តើវិស័យអចលនទ្រព្យកម្ពុជាស្ថិតក្នុងស្ថានភាពដូចម្តេចនៅ ដើមត្រីមាសទី២ឆ្នាំនេះ?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បញ្ហាភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចសកល នៅតែធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជា ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដដែល។

អគ្គនាយកក្រុមហ៊ុន Advance Real Estate លោកប៉ូ អ៊ាវគង់ បានមានប្រាសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមនាថ្ងៃទី២៥ មេសាថា បញ្ហាភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចផ្ទៃក្នុងរបស់យើង ដែលម្ចាស់អាជីវកម្មនៅតែមានផលប៉ះពាល់ បាននិងកំពុងបន្តធ្វើឲ្យវិស័យនេះមិនទាន់មានសញ្ញាណាមួយប្រែប្រួល ដែលអាចឲ្យយើងកត់សំគាល់បាននៅឡើយ។

លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនអាចនិយាយបាននៅឡើយអំពីវឌ្ឍនភាពក្នុងវិស័យនេះ”។ លោកបន្ថែមថា “ខ្ញុំមិនអាចប្រើប្រាស់ទិន្នន័យថ្មីបាននៅឡើយទេ ដោយសារទីផ្សារត្រូវការពេលវេលាបីទៅ៦ខែ ទើបយើងអាចយកមកវិភាគបាន”។


លោកប៉ូ អ៊ាវគង់ បានបន្តថា ស្ថានភាពទីផ្សារនេះ ត្រូវការពេលវេលាច្រើនថែមទៀត ដើម្បីជម្រុញឲ្យផ្នែកផ្សេងៗក្នុងវិស័យនេះ ងើបឡើង បើទោះបីជាអ្នកអភិវឌ្ឍន៍មួយចំនួន បានចាប់ផ្តើមទទួលយកស្ថានភាពពិត និងបានបញ្ចុះតម្លៃអចលនទ្រព្យ របស់ខ្លួនខ្លះៗក៏ដោយ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជាជាច្រើនទៅកាន់ពិភពលោក និងបានដាក់ចេញគោល​នយោបាយគោះទ្វារដល់ផ្ទះ ដើម្បីទាក់ទាញការវិនិយោគពីអន្តរជាតិ។ក្នុងត្រីមាសទី១ដើមឆ្នាំនេះ កម្ពុជាទាក់ទាញលំហូរទុនវិនិយោគបានក្នុងទំហំទឹកប្រាក់រហូត ដល់២២០០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យនេះ ត្រូវការទុនវិនិយោគច្រើន ហេតុនេះ ទាមទារឲ្យវិស័យដទៃទៀតមានភាពរីកចម្រើនខ្លាំង ដើម្បីផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រោះនៅពេលប្រជាពលរដ្ឋមានប្រាក់ច្រើន ពួកគេនឹងត្រូវការអចលនទ្រព្យ លំនៅដ្ឋាន ដីធ្លី សម្រាប់​រស់នៅ និងវិនិយោគយកផលចំណេញ។លោកបន្តថា “ការរីកចម្រើនវិស័យនេះ ត្រូវការជម្រុញពីវិស័យដទៃទៀត ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ”។ លោកបន្តថា “ការទាក់ទាញលំហូរទុនវិនិយោគពីបរទេស ឲ្យបានកាន់តែច្រើន ក៏នឹងជួយឲ្យវិស័យនេះ មានការរីកចម្រើនឡើងវិញលឿនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here