តុលាការខេត្តកំពតបានបង្កកគណនីធនាគារក្រុមហ៊ុនជា សារ៉នចំនួន៩៥និងអចលនវត្ថុ១.៧៩១ក្បាលដី

0

        ដោយៈ គង់ សូរិយា

        កំពតៈ សាលាដំបូងខេត្តកំពត បានសម្រេចបង្កកគណនីធនាគា​រ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ជិត១០០គណនី ព្រមទាំងបង្កកអចលនវត្ថុជិត១.៨០០ក្បាលដី។

ជាមួយនោះក៏បានចេញដីកា បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ បង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ និងបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទជាច្រើននាក់ទៀត។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ថ្ងៃទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលា​ការបានចេញសេចក្តីសម្រេចជាច្រើនរួមមាន ទី១ បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៩៥គណនី។ ទី២ បានសម្រេចបង្កកអចលនវត្ថុ(ដី)ចំនួន១.៧៩១ក្បាលដី។ ទី៣ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន១០នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ៩នាក់ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ចាប់ខ្លួនបាននៅឡើយ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួន ជនត្រូវចោទចំនួន ៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួន លើជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ទី៤ បានចេញដីកាចាត់ឱ្យស៊ើបសួរ ជំនួសដោយបង្គាប់ស្រាវ​ជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធ ផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សេចក្តីប្រកាសបានបញ្ជាក់ថា សាលាដំបូងបានស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៥.៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។

អ្នកនាំពាក្យបានបញ្ជាក់ថា សាលាដំបូងខេត្តកំពត កំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿង ពាក់ព័ន្ធជាមួយក្រុមហ៊ុន ជា សារ៉ន រៀលធី ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌តាមច្បាប់ និងនីតិវិធីជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here