ភរិយាមហាសេដ្ឋីក្រុមហ៊ុនអ៊ីនធឺណេតធំជាងគេនៅតំបន់អាស៊ាន គ្រោងទិញភូមិគ្រឹះដ៏ធំមួយនៅប្រទេសសិង្ហបុរី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកស្រី Liqian Ma ភរិយារបស់ លោកមហាសេដ្ឋី Forrest Li ស្ថាបនិកក្រុមហ៊ុនអ៊ីនធឺណេតធំជាងគេ នៅតំបន់អាស៊ាន Sea Limited គ្រោងទិញភូមិគ្រឹះតម្លៃ៣១លានដុល្លារ ស្ថិតលើផ្លូវ Gallop របស់ប្រទេសសិង្ហបុរី ក្បែរសួន Botanic Gardens។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានVnexpress។

ភូមិគ្រឹះនេះ មានទំហំ១.៥៥២ម៉ែត្រការ៉េ ដែលមានតម្លៃជិត២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដូចដែលបានបង្ហាញដោយឯកសារ ដែលដាក់ដោយលោកស្រី Liqian Ma នៅក្នុងខែមេសានេះ។

យោងតាមកាសែត The Business Times បានរាយការណ៍ថា លោក Li ដើមកំណើតជនជាតិចិនធ្លាប់បានទិញ និងជួសជុលភូមិគ្រឹះមួយកន្លែងនៅជាប់នឹងភូមិគ្រិះ ដែលភរិយារបស់លោកកំពុងទិញ។ ភូមិគ្រឹះនោះមានទំហំ១.៤០៣ម៉ែត្រការ៉េ ហើយត្រូវបានទិញដោយ​លោក Forrest Li ក្នុងឆ្នាំ ២០១៩ ក្នុងទំហំទឹកប្រាក់ប្រហែល១៩លានដុល្លារ។ទ្រព្យសម្បត្តិរបស់លោកForrest Li កើតចេញពីហ្គេមអនឡាញ និងពាណិជ្ជកម្ម E-commerce ខ្នាតយក្ស Sea Limited ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ ក្រុមហ៊ុននេះ បានបើកដំណើរការ Shopee ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ធំបំផុតក្នុងឆ្នាំ២០១៥ ។

កាលពីឆ្នាំ២០២១ លោក Li ត្រូវបានចាត់ថ្នាក់ជាបុគ្គលមានបំផុតរបស់ប្រទេសសិង្ហបុរី​ នៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន១៩,៨ពាន់លានដុល្លារ។ទោះជាយ៉ាងណាក្តី នៅឆ្នាំបន្ទាប់លោក Li បានខាតបង់ទ្រព្យសម្បត្តិអស់៨០ភាគរយ នៅក្នុងវិបត្តិទីផ្សារ ដែលនាំឲ្យមានការខាតបង់ ក្នុងទំហំទឹកប្រាក់ជាង១ទ្រីលានដុល្លារ ក្នុងចំណោមបុគ្គលដែលមានជាងគេបំផុតទាំង៥០០រូប របស់ពិភពលោក។

យោងតាមទស្សនាវដ្តី Forbes បានរកឃើញថា បច្ចុប្បន្នទ្រព្យសម្បត្តិសុទ្ធរបស់លោក Li មានចំនួន៣,៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៣ ខែមេសា៕ ប្រភព: VNexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here