ការកើនឡើងនៃតម្លៃដី កំពុងជំរុញឱ្យតម្លៃខុនដូថ្មីនៅទីក្រុងបាងកកហក់ឡើងខ្ពស់កប់ពពក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Property DNA បានឱ្យដឹងថា ការកើនឡើងនៃតម្លៃដីធ្លី នៅក្នុងតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មកណ្តាល(CBD) របស់ទីក្រុងបាងកក បានធ្វើឱ្យតម្លៃខុនដូថ្មីហក់ឡើងយ៉ាងគំហុក។

លោក Surachet Kongcheep នាយកគ្រប់គ្រងក្រុមហ៊ុនProperty DNA បានលើកឡើងថា “នៅឆ្នាំនេះ យើងបានមើលឃើញគម្រោងខុនដូថ្មីៗជាច្រើនទៀត ដែលបើកដំណើរការលក់ក្នុងតម្លៃជាង៦.៧៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលកាលពីឆ្នាំ២០១៩ តម្លៃបែបនេះគឺកម្រមានណាស់”។

លោក​បានបន្ត​ថា គម្រោង​ខុន​ដូ​ប្រណីត​ៗ​ទាំងនេះ ​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​មួយចំនួនដូច​ជាតំបន់ Rama I តំបន់ Phloen Chit តំបន់ Wireless Road តំបន់ Silom តំបន់ Sathorn តំបន់ Rama IV ​ផ្លូវ Sukhumvit និង​តំបន់តាម​ដង​ទន្លេ Chao Phraya “។

លោកបានបន្ថែមថា អតិថិជនកំពុងសម្រុកទិញខុនដូទាំងនេះយ៉ាងឆាប់រហ័ស បើទោះបីជាវាមានតម្លៃថ្លៃ កប់ពពកយ៉ាងណាក្តី ដោយគម្រោងមួយចំនួន បានរាយការណ៍ពីការកក់ចាប់ពី៦៥%ទៅដល់៨៥ភាគរយឯណោះ។

ជាពិសេស តម្រូវការអគារខុនដូខ្ពស់ៗ ដែលមានទីតាំងនៅជិតសួនច្បារ Lumpini បានកើនឡើងខ្ពស់បំផុត ដោយសារអតិថិជនរស់នៅខុនដូ អាចគយគន់ទិដ្ឋភាពដ៏កម្រ នៃទីធ្លាបៃតងនៅក្នុងទីក្រុងបាងកក ហើយអតិថិជនជាច្រើនចូលចិត្ត ភាពឯកជនស្ងប់ស្ងាត់ ព្រោះពុំសូវមានស្ថានីយ៍រថភ្លើងនៅក្បែរនោះឡើយ។

លោក Surachet ក៏បានព្យាករណ៍ថាតម្លៃខុនដូប្រណីតថ្មីៗនៅតំបន់ខាងលើ នឹងកើនឡើងដល់ជាង១៦លានដុល្លារ ក្នុងមួយយូនីតនាពេលឆាប់ៗនេះ ខណៈដែលបណ្តាអ្នកអភិវឌ្ឍន៍ បានបោះទុនក្នុងទំហំទឹកប្រាក់យ៉ាងច្រើន ដើម្បីទិញដីនៅតំបន់ CBD។

ជាក់ស្តែង កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ថៃ Sansiri Plc បានទិញដីទំហំ១.៦០០ម៉ែត្រការ៉េ ស្ថិតនៅលើផ្លូវ Sarasin ក្នុងតម្លៃជាង៤២លានដុល្លារ ដែលជាដីថ្លៃបំផុតនៅក្នុងប្រទេសថៃ ខណៈក្រុមហ៊ុន​គ្រោង​នឹង​សាងសង់​ខុន​ដូ ​លំដាប់​ខ្ពស់​នៅលើ​ទីតាំងដី​ឡូត៍​នេះ​៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here