វេទិកាសង្គម TikTok ប្តេជ្ញាតតាំងនៅក្នុងតុលាការ ដើម្បីយកឈ្នះលើច្បាប់ហាមឃាត់ថ្មីរបស់សហរដ្ឋអាមេរិក

0

ដោយ: គង់ លាងហួរ

ប៉េកាំង: នាយកប្រតិបត្តិរបស់វេទិកាសង្គម TikTok បានប្តេជ្ញាតតាំងនៅក្នុងតុលាការ ដើម្បីយកឈ្នះលើច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក ដែលគ្រោងហាមឃាត់កម្មវិធីរបស់ខ្លួន ដោយសារតែការចោទប្រកាន់ថា កម្មវិធីនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។

ច្បាប់នេះទុករយៈពេលឱ្យកម្មវិធី TikTok ចំនួន៩ខែ ដើម្បីផ្តាច់ខ្លួនចេញពីក្រុមហ៊ុនមេByteDance របស់ប្រទេសចិន ឬត្រូវបិទលែងឱ្យប្រើប្រាស់នៅក្នុងទីផ្សារអាមេរិកតែម្តង។

សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដ៏ល្បីល្បាញមួយនេះ អនុញ្ញាតឱ្យទីក្រុងប៉េកាំងអាចប្រមូលទិន្នន័យ និងធ្វើចារកម្មលើអ្នកប្រើប្រាស់។ បច្ចុប្បន្ននេះ កម្មវិធី Tiktok មានអ្នកប្រើប្រាស់ចំនួន១៧០លាននាក់នៅសហរដ្ឋអាមេរិក ដែលភាគច្រើនជាមនុស្សវ័យក្មេង។ក្រុមអ្នក​រិះគន់​បានលើកឡើងថា TikTok ក៏​ជា​មធ្យោបាយសម្រាប់​ផ្សព្វផ្សាយ​ការ​ឃោសនា​ផងដែរ។ ប៉ុន្តែប្រទេសចិន និងក្រុមហ៊ុនបានបដិសេធយ៉ាងដាច់ខាត់ ចំពោះការអះអាងបែបនេះ។

មួយរំពេច បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់នេះ លោក Shou Zi Chew នាយកប្រតិបត្តិបណ្តាញសង្គម TikTok បានបង្ហោះវីដេអូមួយនៅលើគណនី TikTok ដោយអះអាងថា “នេះគឺជាការហាមប្រាម។ ការហាមប្រាមនៅលើ TikTok និងការហាមប្រាមអ្នក និងសំឡេងរបស់អ្នក”។

លោក Chew បានហៅចំណាត់ការនេះថាជា “រឿងគួរឱ្យហួសចិត្ត” ដោយសារតែសេរីភាព នៃការបញ្ចេញមតិនៅលើកម្មវិធី TikTok ឆ្លុះបញ្ចាំងពីតម្លៃអាមេរិកដូចគ្នា ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជានិម្មិតរូបនៃសេរីភាព។

ទោះជាយ៉ាងនេះក្តី លោក Chew បាន​បញ្ជាក់ប្រាប់​អ្នក​ប្រើ​ប្រាស់​វេទិកា​ Tiktok ថា “សូម​ប្រាកដ​ថា យើង​នឹងមិន​ទៅ​ណា​ទេ។យើងនឹងបន្តតស៊ូ ដើម្បីសិទ្ធិរបស់អ្នកនៅក្នុងតុលាការ”។លោកបន្ថែមថា “ការពិត និងរដ្ឋធម្មនុញ្ញគឺឈរនៅខាងយើង”៕ប្រភព: AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here