ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីថ្ងៃពុធ ទី២៤ ខែមេសា បណ្តាក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិក បានដាក់ញត្តិស្នើឱ្យ រដ្ឋាភិបាលសហព័ន្ធ ដាក់ពន្ធលើការនាំចូលបន្ទះសូឡា មកពីបណ្តាប្រទេសអាស៊ានចំនួន៤។ នេះបើយោងតាមការចុះផ្សាយសារពត៌មាន CNBC។
ក្រុមហ៊ុនផលិតបន្ទះសូឡាអាមេរិក First Solar និងក្រុមហ៊ុនផលិតកម្មចំនួន៦ផ្សេងទៀត បានចោទប្រកាន់ថា បណ្តាប្រទេសអាស៊ានទាំង៤នោះ រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម កំពុងសម្រុកនាំចេញបន្ទះសូឡាថោកៗ ចូលទៅកាន់ទីផ្សារអាមេរិក ដែលការណ៍នេះ បានគំរាមកំហែងដល់ឧស្សាហកម្មក្នុងស្រុក។
ក្រុមហ៊ុនផលិតបន្ទះសូឡារបស់សហរដ្ឋអាមេរិក ចំនួន៦ផ្សេងទៀត រួមមានដូចជា ក្រុមហ៊ុន Convalt Energy ក្រុមហ៊ុន Meyer Burger ក្រុមហ៊ុន Mission Solar ក្រុមហ៊ុន Qcells ក្រុមហ៊ុន REC Silicon និងក្រុមហ៊ុន Swift Solar ។
ក្រុមហ៊ុនផលិតបន្ទះសូឡា របស់សហរដ្ឋអាមេរិកទាំងនេះ បានស្នើឱ្យគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ ចេញសេចក្តីព្រមានថា ឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យ ក្នុងស្រុកកំពុងជួបគ្រោះថ្នាក់ ដោយស្នើឲ្យក្រសួងពាណិជ្ជកម្ម ដាក់ពន្ធលើការនាំចូលបន្ទះសូឡាពីប្រទេសទាំង៤ខាងលើ ជាមធ្យោបាយដោះស្រាយ។
ក្រុមហ៊ុនទាំងនោះបានចោទប្រកាន់ថា ក្រុមហ៊ុនចិនកំពុងព្យា យាមគេចវេសពីការបង់ពន្ធ នៅពេលនាំចូលបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក ដោយផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួន ទៅកាន់បណ្តាប្រទេសសមាជិកអាស៊ានទាំង៤។
ទោះជាយ៉ាងណាក្តី នៅក្នុងឆ្នាំ២០២២ រដ្ឋបាលលោកប្រធា នាធិបតី ចូ បៃដិន បានប្រកាសលើកលែងពន្ធរយៈពេល២ឆ្នាំ លើការនាំចូលបន្ទះសូឡា មកពីប្រទេសទាំង៤ ដោយសារតែការដាក់សម្ពាធពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោង ដែលបារម្ភអំពីការរំខាននៃការផ្គត់ផ្គង់។ ប៉ុន្តែ ការលើកលែងនោះ នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤នេះ៕ ប្រភព: CNBC៕