រដ្ឋបាលរាជធានីភ្នំពេញ រៀបចំផ្លូវថ្មើរជើងអោយក្លាយជាតំបន់ផាប់ស្រ្តីត ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំសកលឆ្នាំ២០២៥

0

ភ្នំពេញ ៖ ផ្លូវ​ថ្មើរជើង​រាជធានី​ភ្នំពេញ មាន​ទំហំ​៥៧​ហិ​កតា ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ដែល​មាន​ទាំង​ហាង​ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និង​រៀបចំ​ជា​កន្លែង pop street ផង​ដែរ​នោះ គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ដើមខែ​ឧសភា ឆ្នាំ​២០២៤​នេះ ដើម្បី​បម្រើ​អោយ​ភ្ញៀវ​ជាតិ អន្តរជាតិ បាន​មក​ទិញ​ទំនិញ និង​ដើរ​លេង​កម្សាន្ត​ពេល​យប់ ហើយ​គម្រោង​នេះ នឹង​រៀបចំ​អោយ​បាន​រួចរាល់ នៅ​មុន​ចូល​ឆ្នាំ​សកល ឆ្នាំ​២០២៥ ខាង​មុខ​នេះ ។

នេះ​បើ​តាម​ការ​បង្ហាញ​អោយ​ដឹង​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការងារ​រៀបចំ​ផ្លូវ​ថ្មើរជើង មុខ​ប៉ុស្តិ៍​ប្រៃសណីយ៍​កម្ពុជា ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ផ្លូវ​ថ្មើរជើង រាជធានី​ភ្នំពេញ ត្រូវ​បាន​បែង​ចែង​ជា​៣​តំបន់ មាន​ទំហំ​៥៧​ហិ​កតា ដោយ​ផ្លូវ​ថ្មើរជើង​តំបន់​ទី​១ មា​នទី​តាំងនៅ​មុខ​ប្រៃសណីយ៍ មាន​ព្រំប្រទល់
-​ខាងជើង​៖ ផ្លូវ​លេខ​៩៤
-​ខាងត្បូង​៖ ផ្លូវ​លេខ​១០៦
-​ខាងលិច​៖ ផ្លូវ​លេខ​១៣
-​ខាងកើត​៖ តិ​រិ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ (​តំបន់​នេះ​នឹង​រៀបចំ​ឡើងជា​តំបន់​វិ​ថី​ម្ហូបអាហារ និង​ហាង​ទំនិញ​)​។

ផ្លូវ​ថ្មើរជើង​តំបន់​ទី​២ មាន​ទំហំ​មាន​ព្រំប្រទល់
-​ខាងជើង​៖ ផ្លូវ​លេខ ១០៦
-​ខាងត្បូង​៖ ផ្លូវ​លេខ ១៨៤
-​ខាងលិច​៖ ផ្លូវ​លេខ​១៣
-​ខាងកើត​៖ តិ​រិ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​(​តំបន់​នេះ​រៀបចំ​ជា​តំបន់ pop street)​។

ផ្លូវ​ថ្មើ​ជើង​តំបន់​ទី​៣ មាន​ព្រំប្រទល់
-​ខាងជើង​៖ ផ្លូវ​លេខ ១៨៤
-​ខាងត្បូង​៖ មហាវិថី​ព្រះ​សីហ​នុ​ខាងលិច​៖ ផ្លូវ​លេខ​០៧
-​ខាងកើត​៖ តិ​រិ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​(​រៀបចំ​ជា​តំបន់ លំហែកាយ​)​។

លោក សាំ ពិសិដ្ឋ បញ្ជាក់​ថា តំបន់​ទាំង​៣​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ឡើង​អោយ​មាន​សោ​ភណ្ឌ​ភាព​ស្រស់បំព្រង ជា​តំបន់​បៃតង មាន​សួនច្បារ តាំង​ភ្លើង​ចម្រុះ​ពណ៌ មាន​បង្គន់​អនាម័យ ចំណត​យានយន្ត​បណ្តោះអាសន្ន មាន​ហាង​ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និង​ជា​កន្លែង pop street ផង​ដែរ​។ តំបន់​នេះ​ក្រោយ​ការ​រៀបចំ​រួច​នឹង​បើក​អោយ​ភ្ញៀវ​ជាតិ អន្តរជាតិ ចូល​ទិញ​ទំនិញ​និង​កម្សាន្ត​សប្បាយ ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​១១​យប់ ។

លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ​បាន​លើក​ឡើង​ថា គម្រោង​នេះ​យើង​បាន​សិក្សា​រួច​អស់ហើយ ដូច្នេះ​លោក​ជម្រុញ​អោយ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​អនុវត្ត​ការងារ​រៀបចំ​គម្រោង​នេះ ចាប់ពី​ពេល​នេះ​តទៅ ដោយ​ប្រើប្រាស់​ពេលវេលា​៦​ខែ ពោល​គឺ​អោយ​រួចរាល់ នៅ​មុន​ចូល​ឆ្នាំ​សកល​ឆ្នាំ​២០២៥ ដើម្បី​អោយ​តំបន់​នេះ ក្លាយជា​តំបន់ មាន​ហាង​ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និង​ជា​កន្លែង pop street​ផង​ដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here