IMF: ឥណ្ឌានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី៤ នៅលើពិភពលោកក្នុងឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផលទុនជាតិសរុបរបស់ប្រទេសឥណ្ឌា (Nominal GDP)  នឹងវ៉ាដាច់ប្រទេសជប៉ុននៅឆ្នាំ២០២៥ខាងមុខ ដើម្បីឆ្ពោះទៅក្លាយជា មហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៤ នៅលើពិភពលោក ដែលលឿនជាងការព្យាករណ៍កាលពីឆ្នាំមុនចំនួន១ឆ្នាំ។

យោងតាមរបាយការណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេ ញផ្សាយនៅ ខែមេសានេះ បានព្យាករណ៍ថា ផលទុនជាតិសរុបបន្ទាប់បន្សំរបស់ឥណ្ឌា (Nominal GDP) នឹងកើនដល់ទំហំទឹកប្រាក់ជិត៤,៣៤ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ ខណៈផលទុនជាតិសរុបបន្ទាប់បន្សំរបស់ជប៉ុន នឹងមានទំហំទឹកប្រាក់ប្រហែល៤,៣១ទ្រីលានដុល្លារប៉ុណ្ណោះ។

កាលពីខែតុលា ឆ្នាំ២០២៣  IMF បានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់ជប៉ុននៅឆ្នាំ២០២៦។ ប៉ុន្តែតាមរយៈរបាយការណ៍បច្ចុប្បន្នភាព ដែលចុះផ្សាយនៅខែមេសានេះ មូលនិធិ IMF បានកែប្រែការព្យាករណ៍កំណើនGDP  របស់ប្រទេសទាំង២ ដោយសារការប្រែប្រួ លនៃតម្លៃរូបិយប័ណ្ណក្នុងស្រុក។

តួយ៉ាង ការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េនហាក់ដូចជា បាន​កាត់បន្ថយទំហំសេដ្ឋកិច្ចជប៉ុន ប្រសិនបើវាស់វែងគិតជាប្រាក់ដុល្លារ។ ម្យ៉ាងទៀត កាល​ពី​ឆ្នាំ​មុន អាល្លឺម៉ង់​បាន​ដណ្តើមតំណែងជប៉ុន​ ក្នុង​ឋានៈជា​មហាអំណាចសេដ្ឋកិច្ច​លំដាប់ទី​៣ ​នៅលើពិភពលោក។

ចំណែក តម្លៃប្រាក់រូពីរបស់ឥណ្ឌា មិនមានការប្រែប្រួលខ្លាំងនោះទេ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំ២០២៣ ដោយសារធនាគារកណ្តាលឥណ្ឌា(RBI) បានចូលធ្វើអន្តរាគមន៍ទាន់សភាពការណ៍។

យោងតាមរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ មូលនិធិ IMF បានកត់សម្គាល់ថា ការធ្វើអន្តរាគមន៍របស់ឥណ្ឌា ចូលទៅក្នុងទីផ្សាររូបិយប័ណ្ណអាចលើសពីភាពចាំបាច់។ បន្ទាប់មក ធនាគារកណ្តាល ឥណ្ឌា បានចេញមុខប្រតិកម្មថា ស្ថាប័នដ៏ធំមួយនេះ កំពុងធ្វើការវិភាគខុស ដោយផ្អែកទៅលើនិន្នាការអត្រាប្តូរប្រាក់រយៈពេលខ្លី។

ផលទុនជាតិសរុបបន្ទាប់បន្សំរបស់ឥណ្ឌា ឈរនៅលេខរៀងទី១០នៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ២០១៤ ហើយបើយោងតាមមូលនិធិ ​​IMF ដដែល បានឱ្យដឹងថា ប្រទេសឥណ្ឌានឹងវ៉ាដាច់អាល្លឺម៉ង់ ឆ្ពោះទៅដណ្តើមតំណែង ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកនៅឆ្នាំ២០២៧៕ ប្រភព: Nikkei Asia &  Vietnam.vn៕

LEAVE A REPLY

Please enter your comment!
Please enter your name here