ម៉ាឡេស៊ីកំពុងពិចារណាបើកកាស៊ីណូ នៅក្នុងគម្រោងទីក្រុងខ្មោច Forest City

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមប្រភពដែលដឹងអំពីបញ្ហា បានទម្លាយថា ប្រទេសម៉ាឡេស៊ី កំពុងពិភាក្សាជាមួយក្រុមមហាសេដ្ឋីនានា លើការបើកដំណើរការកាស៊ីណូនៅក្នុងទីក្រុង Forest City។

គំនិតផ្តួចផ្តើមនេះ ស្ថិតក្នុងគោលបំណង ដើម្បីស្តារការជាប់គាំងនៃគម្រោងអចលនទ្រព្យ Forest City ដែលមានតម្លៃ១០០ពាន់លានដុល្លារអាមេរិក ខណៈព្រះមហាក្សត្រម៉ាឡេស៊ី ក៏ជាម្ចាស់ភាគហ៊ុន នៅក្នុងគម្រោងនេះផងដែរ។

យោងតាមប្រភព ដែលសុំមិនបញ្ចេញអត្តសញ្ញាណ ព្រោះព័ត៌មាននេះ ជាព័ត៌មានឯកជនបានទម្លាយឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានជួបជាមួយលោក Vincent Tan ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Berjaya និងលោក Lim Kok Thay នាយកប្រតិបត្តិក្រុមហ៊ុន Genting Group ដើម្បីពិភាក្សាអំពីការបើកកាស៊ីណូ។

ម៉ាឡេស៊ីរំពឹងថា កាស៊ីណូនឹងក្លាយជាកម្លាំងចលករ ជំរុញការស្តារឡើងវិញនៃគម្រោង Forest City ដែលត្រូវបានគេចាត់ទុកជា “ទីក្រុងខ្មោច” ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍ចិន Country Garden Holdings បានទុកឱ្យគម្រោងនេះនៅជាប់គាំង។

អគារខុនដូ និងអាផាតម៉ិនជាច្រើនយូនីត នៅក្នុងគម្រោង Forest City មិនអាចទាក់ទាញអតិថិជនមកពីប្រទេសចិន និងប្រទេសផ្សេងទៀត ដែលរារាំងដោយឧបសគ្គមួយចំនួន ដូចជា ការតស៊ូនយោបាយ នៅក្នុងប្រទេសម៉ាឡេស៊ី ការបង្រ្កាបរបស់រដ្ឋាភិបាលចិនលើពលរដ្ឋ ដែលទិញអចលនទ្រព្យនៅបរទេស និងជំងឺរាតត្បាតកូវីដ-១៩។

ប្រសិនបើការបើកកាស៊ីណូ អាចដំណើរការទៅមុខមែននោះ វាក៏​នឹង​ផ្តល់ផលប្រយោជន៍ ​សម្រាប់ព្រះមហាក្សត្រម៉ាឡេស៊ី គឺព្រះអង្គ Ibrahim Iskandar ដែល​គ្រប់គ្រង​ភាគហ៊ុនជាង២០ភាគរយ​ នៃ​ការបណ្តាក់ទុន​រួមគ្នា ​ជាមួយក្រុមហ៊ុនចិន Country Garden ដែល​ជា​អ្នក​អភិវឌ្ឍន៍​មេ​នៃគម្រោង Forest City។

ប្រភព​មួយ​បាន​បង្ហើបឱ្យដឹងថា សមាជិក​នៃ​ព្រះរាជវង្សានុវង្ស ឬ​អ្នក​តំណាង​របស់​ព្រះមហាក្សត្រម៉ាឡេស៊ី ក៏​អាច​ត្រូវ​បាន​អញ្ជើញ​ឱ្យ​កាន់កាប់ភាគហ៊ុន​ នៅក្នុង​កាស៊ីណូ​ណាមួយ​ផងដែរ​៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here