សម្ដេចធិបតីបង្ហើបពីរូបមន្តចំនួន៣សំខាន់ៗ សម្រាប់គំរោងព្រែកជីកហ្វូណនតេជោ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ការគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ បានក្លាយជាចលនាជាតិមួយដ៏ខ្លាំង ក្រោយការប្រកាសសុំការចូលរួមគាំទ្រពីសំណាក់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយក៏ជាអ្នកសម្រេចចិត្តក្នុងគណៈរដ្ឋមន្ដ្រីកាលពីអាណត្តិទី៦កន្លងទៅនេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងក្នុងពិធីអបអរទិវាពលកម្មអន្តរជាតិ១ ឧសភា ដោយបានបន្ដលើកឡើងពាក់ព័ន្ធ ជាមួយគម្រោងដ៏មានសារៈសំខាន់មួយនេះ សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

សម្ដេចធិបតីបានបញ្ជាក់ថា “គម្រោងព្រែកជីកហ្វូណន-តេជោ បើទោះបីមិនមានបរទេសណាចូលរួម ក៏ខ្មែរអាចកសាងព្រែកជីកមួយនេះបានដោយខ្លួនឯងផងដែរ ដោយសម្ដេចបានបង្ហាញនូវសេណារីយ៉ូ ឬរូបមន្ដ ចំនួន៣ ក្នុងការសម្រេចបាននូវព្រែកជីកមួយនេះ”។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា យើងស្វាគមន៍វិនិយោគពីបរទេស ដែលបានធ្វើកិច្ចការមួយជំហ៊ានហើយ យើងលើកទឹកចិត្ត។

សម្តេចបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា មាន ឬមិនមានការចូលរួមពីវិនិយោគបរទេស ខ្មែរត្រូវតែធ្វើឲ្យបានគម្រោងមួយនេះ (ព្រែកជីកហ្វូណន-តេជោ) អត់មានថយក្រោយទេ”។ សម្តេចបន្តថា “យើងបានរៀបចំសេណារីយ៉ូ៣តង់រួចមកហើយ ដែលឯកឧត្តម ស៊ុន ចាន់ថុល ជាមួយខ្ញុំពិភាក្សារួចហើយ”។

បើទោះបីមិនទាន់បង្ហាញនូវរូបមន្ដឬសេណារីយ៉ូ៣ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបនោះ តែសម្ដេចបានបង្ហាញក្ដីរំពឹងថា សម្តេចនឹងមានឱកាសជិះកាណូតកម្សាន្ត លើព្រែកជីកហ្វូណន-តេជោ ខណៈការដ្ឋានសាងសង់ព្រែកជីកហ្វូណន -តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុត គឺនៅឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា “ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ ខណៈការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង”។ សម្ដេចធិបតីបានបន្តថា “រាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិ សម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោនោះឡើយ”។

ទន្ទឹមគ្នានេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រឲ្យគម្រោ​ងព្រែកជីកហ្វូណន-តេជោ សម្រេចបានជោគជ័យ ហើយសម្ដេចបានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារយ៉ាងច្រើនអនេក មកគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីកម្ពុជាផ្លូវដឹកជញ្ជូនដោយខ្លួន មានកន្លែងដកដង្ហើមដោយខ្លួនឯង។

ទាក់ទិននឹងការលើកឡើងផ្សេងៗ ពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណន-តេជោ, សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតចោទសួរទៅត្រឡប់ទៅជនក្បត់ជាតិ សម រង្ស៉ី តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដូចនឹងអ្នកស្រា​វជ្រាវរបស់វៀតណាម?។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរជនក្បត់ជាតិ៣ជំនាន់ថា តើចំណេញ ឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ? សម្ដេចផ្តាំទៅជនក្បត់ជាតិ សម រង្ស៉ី សូមតម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីប្រឆាំង។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។

ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here