តើAIM Congressរបស់ប្រទេសអារ៉ាប់រួម មានសក្តានុពលដូចម្តេចខ្លះសម្រាប់អ្នកវិនិយោគ និងសហគ្រិន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មហាសន្និបាត AIM Congress គឺជាវេទិកាវិនិយោគកំពូលនៅមជ្ឈឹមបូព៌ា ដែលផ្ដោតសំខាន់លើការវិនិយោគផ្ទាល់ពីបរទេស ទីក្រុងអនាគត និងសហគ្រាសធុនតូច និងមធ្យម។

AIM Congress ផ្តោតលើការលើកកម្ពស់សេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងអន្តរជាតិ ដោយកន្លងមកបានទទួលស្វាគមន៍គណៈប្រតិ​ភូចូលរួមជាង១ម៉ឺននាក់ មកពី១៧៥ប្រទេស និងមានការដាក់តាំងបង្ហាញអាជីវកម្មពីក្រុមហ៊ុនជាង៥០០ មកពីជុំវិញពិភពលោក។

កិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ (AIM) គឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិ AIM Foundation ដែលជាអង្គការអន្តរជាតិឯករាជ្យមួយ ដែលបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការផ្តល់អំណាចដល់សេដ្ឋកិច្ចពិភពលោក តាមរយៈការជំរុញយុទ្ធសាស្រ្ត លើកកម្ពស់ប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលឱកាសសម្រាប់ផលិតភាព និងការពង្រីកសេដ្ឋកិច្ច។

មូលនិធិនេះក៏អនុវត្តន៍ប្រតិបត្តិការ និងការគ្រប់គ្រងបណ្តាញវិនិយោគសកល AIM និងក្រុមធុរកិច្ច ដែលពាក់ព័ន្ធចំនួន១៥របស់ខ្លួន រួមទាំងការត្រួតពិនិត្យ នៃកិច្ចប្រជុំវិនិយោគប្រចាំឆ្នាំសកល និងថ្នាក់តំបន់។

ចាប់តាំងពីត្រូវបានបង្កើតឡើង កិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ(AIM) បានប្រែក្លាយខ្លួន ទៅជាវេទិកាវិនិយោគឈានមុខគេ  នៅតំបន់មជ្ឈិ​មបូព៌ា ដែលមានបំណងជំរុញការផ្លាស់ប្តូរជាវិជ្ជមាន ដោយបង្កើតឱកាសវិនិយោគ ពង្រឹងសាមគ្គីភាព និងការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចក្នុងចំណោមប្រជាជាតិនានា ក៏ដូចជាការដោះស្រាយវិបត្តិសកល ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច។

រាល់ការរៀបចំកិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ គឺជាព្រឹត្តិការណ៍ និងឱកាសមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមជាមូលដ្ឋាន ដែលប្រទេសនានាកំពុងប្រឈមមុខ ក្នុងដំណើររបស់ពួកគេ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ និងដើម្បីពិភាក្សាអំពីនិន្នាការ និងយុទ្ធសាស្រ្តនៃការវិនិយោគដែលអាចប្រើប្រាស់បាន ដើម្បីបង្កើនសក្តានុពលនៃគ្រប់អាជីវកម្ម ប្រទេស និង  តំបន់ ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ជាមួយគ្នានេះ មហាសន្និបាត AIM Congress ប្រ​ចាំឆ្នាំ២០២៤ នឹងបន្តប្រមូលផ្តុំថ្នាក់ដឹកនាំសាជីវកម្ម អ្នកបង្កើតគោលនយោបាយ អ្នកជំនួញ អ្នកវិនិយោគក្នុងតំបន់ និងអន្តរជាតិ សហគ្រិន អ្នកសិក្សាឈានមុខគេ និងអ្នកជំនាញ ដែលពួកគេនឹងធ្វើបទបង្ហាញអំពីព័ត៌មា​នថ្មីៗ យុទ្ធសាស្ត្រ និងចំណេះដឹងស្តីពីការទាក់ទាញការវិនិយោគ។

ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម (start-ups) ជាង៣០០ក្រុមហ៊ុន នៅគ្រប់វិស័យ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេ ជាផ្លូវការនៅក្នុងមហាសន្និបាត AIM លើកទី១៣ ឆ្នាំ២០២៤នេះ។ ព្រឹត្តិការណ៍ដ៏ធំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ Abu Dhabi ប្រទេសអារ៉ាប់រួម ។

ការរៀបចំមហាសន្និបាតនេះឡើង មានគោលបំណងស្វែងយល់អំពីដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ស្វែងយល់ពីអនាគតនៃការវិនិយោគ ជំរុញភាពជាដៃគូ និងសម្របសម្រួលការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមសហគ្រិនទូទាំងពិភពលោក។

លើសពីនេះ វេទិកា AIM ផ្តល់ឱកាសដែលមិនអាចកាត់ថ្លៃបាន និងមិនអាចប្រៀបផ្ទឹមបាន សម្រាប់អង្គភាពសាធារណៈ និងឯកជនក្នុងការរួមគ្នា ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមគ្នានៃកំណើន និងនិរន្តរភាពរបស់ពួកគេ។

តាមរយៈការចូលរួមក្នុងមហាសន្និបាទនេះ អ្នកវិនិយោគ នឹងទទួលបានអត្ថប្រយោជនសំខាន់ៗដូចជា:ទី១ ស្វែងយល់ពីគម្រោងវិនិយោគដែលមានសក្តានុពល ឬឱកាសដែលស្របតាមលក្ខណៈវិនិច្ឆ័យ និងគោលបំណងនៃការវិនិយោគរបស់អ្នក។ ទី២ -ផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូវិនិយោគ និងកិច្ចសហការនាពេលអនាគត តាមរយៈការបង្ហាញទិសដៅវិនិយោគ វគ្គបណ្ដុះបណ្ដាល សកម្មភាពផ្គូផ្គង និងការតាំងពិពណ៌អន្តរជាតិ ដែលមានរៀបចំនៅក្នុងព្រឹត្តិការណ៍។

ទី៣ ទទួលបានការយល់ដឹងដោយផ្ទាល់ លើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល គោលនយោបាយវិនិយោគ និងក្របខ័ណ្ឌបទប្បញ្ញត្តិដែលជះឥទ្ធិពលដល់ការវិនិយោគ។ ទី៤ ជ្រៀតចូលទៅក្នុងទីផ្សារអន្តរជាតិ និងស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសផ្សេងទៀត ដែលអាចនាំឱ្យមានការធ្វើពិពិធកម្មផលប័ត្រ និងការកាត់បន្ថយហានិភ័យ។

ចំណែកឯសហគ្រិន នឹងទទួលបានឱកាសស្វែងរកការវិនិយោគដែលមានសក្តានុពល តាមរយៈឱកាសវិនិយោគដ៏ធំទូលាយ នៅទូទាំងវិស័យផ្សេងៗ ដែលបានបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ កសាងទំនាក់ទំនង សហការ និងបង្កើតភាពជាដៃគូដែលមានសក្តានុពលជាមួយអ្នកចូលរួម រួមទាំងអ្នកវិនិយោគ មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញក្នុងឧស្សាហកម្ម ព្រមទាំងទទួលបានការយល់ដឹងអំពីឱកាសអាជីវកម្មថ្មី និងកម្លាំងរំខាន ដែលអាចមានផលប៉ះពាល់ដល់ឧស្សាហកម្មរបស់សហគ្រិន តាមរយៈបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងការច្នៃប្រឌិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here