អ្នកអភិវឌ្ឍន៍អចលនទ្រព្យឥណ្ឌាសម្រុកទិញដីធ្លី ស្របពេលតម្រូវការអចលនទ្រព្យកើនឡើង

0

ដោយ: គង់ លាងហួរ

ឥណ្ឌា: តម្រូវការទីផ្សារលំនៅដ្ឋាន នៅក្នុងប្រទេសឥណ្ឌាកំពុងស្ទុះងើបឡើងវិញ ដែលស្តែងឱ្យឃើញតាមរយៈការកើនឡើង នៃការទិញដីធ្លីដោយបណ្តាអ្នកអភិវឌ្ឍន៍។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Times of India។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Anarock បានឱ្យដឹងថា ក្រៅពីផ្នែកលំនៅដ្ឋានហើយនោះ គេក៏សង្កេតឃើញថា ផ្នែកអច​លនទ្រព្យពាណិជ្ជកម្ម ការលក់រាយ ឧស្សាហកម្ម ភស្តុភារ និងឃ្លាំងក៏កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងទិញ -លក់ដីធ្លីជាច្រើន ក្នុងទីតាំងសំខាន់ៗនៅទូទាំងប្រទេសឥណ្ឌាផងដែរ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Anarock បានបង្ហាញថា អ្នកអភិវឌ្ឍន៍ និងអង្គភាពនានាបានចុះកិច្ចព្រមព្រៀង ទិញដីធ្លីប្រមាណ១០១ ដាច់ដោយឡែកពីគ្នា ក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤ ដែលគិតជាផ្ទៃក្រឡា មានទំហំជិត២.៩៨៩ហិកតា នៅទូទាំងប្រទេស។Large Indian real estate developers continue to snap up land: Anarock -  Times of India ផ្ទុយទៅវិញ កាលពីឆ្នាំសារពើពន្ធ២០២២-២០២៣ អ្នកអភិវឌ្ឍន៍បានចុះហត្ថលេខា លើចំនួនកិច្ចព្រមព្រៀងទិញដីធ្លី ត្រឹមតែ៨៨ប៉ុណ្ណោះ ដែលគិតជាផ្ទៃក្រឡាមានទំហំប្រមាណ១.៨៨៦ហិកតា នៅទូទាំងទីក្រុងនានាក្នុងប្រទេសឥណ្ឌា។

លោក Anuj Puri ប្រធានក្រុមហ៊ុន ANAROCK Group បានមានប្រសាសន៍ឱ្យដឹងថា “អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅត្រង់ថាក្នុងចំណោមកិច្ចព្រមព្រៀងដីធ្លីសរុប នៅក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤ ក្នុងនោះ កិច្ចព្រមព្រៀងជាង៨៣ ដែលគិតជាទំហំប្រហែល១.១៣៥ហិកតា ត្រូវបានសម្រេចនៅក្នុងទីក្រុង លំដាប់កំពូលទាំង៧”។

ទីក្រុងទាំង៧នោះ រួមមាន ទីក្រុង Mumbai ទីក្រុង Delhi ទីក្រុង Kolkata ទីក្រុង Chennai ទីក្រុង Bangalore ទីក្រុង Hyderabad  និងទីក្រុង Pune។

លោក Anuj Puri បានបន្តថា “កិច្ចព្រមព្រៀង ដែលនៅសេសសល់ចំនួន១៨ទៀត ដែលមានផ្ទៃដីជាង១.៨៥៣ហិចតា ត្រូវបានសម្រេចនៅក្នុងទីក្រុងលំដាប់ទី២ និងទី៣ផ្សេងៗដូចជាទីក្រុង Ayodhya ទីក្រុង Jaipur ទីក្រុង Nagpur ទីក្រុង Mysuru និងទីក្រុង Ludhianaជាដើម”។

លោកបញ្ជាក់បន្ថែមថា “ទីក្រុងលំដាប់ទី២ និងទី៣ បានក្លាយជាម៉ាស៊ីនកំណើន ដែលមិនអាចប្រកែកបាន ដោយសារតែការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឱកាសរីកចម្រើនយ៉ាងឆាប់រហ័សរបស់ពួកគេ”៕ ប្រភព: Times of India៕

LEAVE A REPLY

Please enter your comment!
Please enter your name here