មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន អន្តរជាតិបានបើកដំណើរការជាមួយចក្ខុវិស័យមុតស្រួច

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ(ផ្សារដើមគរថ្មី) លើផ្ទៃដី៣០ហិកតា​ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមចក្ខុវិស័យប្រែក្លាយទៅជាទីផ្សារដ៏ធំ នៅក្នុងរាជធានីភ្នំពេញនាពេលអនាគត។

ផ្សារបោះដុំដ៏ធំមួយនេះ មិនត្រឹមនាំមកនូវកសិផល និងទំនិញមានគុណភាពល្អ ជាមួយតម្លៃសមរម្យជូនសម្រាប់ប្រជាជនខ្មែរប៉ុណ្ណោះទេ តែនឹងជួយជំរុញកសិផល និងទំនិញផ្សេងៗទៀតរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ថែមទៀត។​

លោក សៀក លូភីង (Xie Luping) ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារដើមគរថ្មីបានមានប្រសាសន៍ក្នុងពិធីសម្ភោធផ្សារដើមគរថ្មីកាលពីចុងសប្តាហ៍មុនថា “ការប្តេជ្ញារបស់ខ្ញុំនាពេលនេះ គឺដើម្បីផលប្រ​យោជន៍ទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ រវាងប្រជាជនកម្ពុជា-ចិន និងប្រជាជនក្នុងតំបន់អាស៊ានផងដែរ ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ”។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​ ជាមួយនឹងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

លោក វ៉ាង វិនធាន បានបង្ហាញក្ដីសង្ឃឹមចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិនេះ នឹងបម្រើការដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេស គឺរួមចំណែកដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងចិន។

លោកបន្តថា “កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម រវាងកម្ពុជា និងចិនបានទទួលលទ្ធផលជាផ្លែផ្កាច្រើន ហើយប្រទេសចិនបានបន្តជាដៃគូពាណិជ្ជកម្មធំបំផុត និងប្រទេសវិនិយោគធំបំផុតនៅកម្ពុជា”។ លោកបន្ថែមថា “មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ជាគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដ៏សំខាន់នៅរាជធានីភ្នំពេញ”។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ដើរតួនាទីសំខាន់ក្នុងការនាំចេញ-នាំចូលកសិផល និងរក្សាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។ លើសពីនេះ ផ្សារមួយនេះ នឹងដើរតួនាទី ក្នុងការបង្កើនទំហំពាណិជ្ជកម្មនៃកសិផលកម្ពុជា ឱ្យក្លាយទៅជាមជ្ឈមណ្ឌលចែកចាយកសិផល។

លោកបន្តថា “មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងអំណោយផលដល់ការផ្សព្វផ្សាយកសិផលកម្ពុជា ដ៏មានគុណភាពល្អៗទៅដល់តំបន់ផ្សេងៗលើពិភពលោក”។

តាមរយៈរៀបចំផ្សារឱ្យបានសមស្របនិងត្រឹមត្រូវ ទំនិញដែលធូរថ្លៃនិងមានគុណភាពខ្ពស់ នឹងលើកកម្ពស់កម្រិតពាណិជ្ជកម្មនៃផ្សារបោះដុំធំនៅភ្នំពេញ យ៉ាងមានប្រសិទ្ធភាព ហើយអាចសម្រួលភាពស្ទះចរាចរណ៍នៅកណ្តាលទីក្រុង​ កាត់បន្ថយហានិភ័យនានា និងកែលម្អបរិស្ថានរាជធានីភ្នំពេញ។
លោកឃួង ស្រេងបានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ ដល់ការកសាងនិងអភិវឌ្ឍនៃផ្សារថ្មីនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here