ប្អូនៗសិស្សានុសិស្សក្រីក្រជាង ៤០០នាក់ និងគណៈគ្រង់គ្រងនៃ អង្គការទ្រទ្រង់កុមារកម្ពុជា បង្ហាញក្ដីរំភើបរីករាយ ដែលទទួលនូវអគារថ្នាក់រៀនថ្មី និងសម្ភារសិក្សា ពី ប៉េង ហួត គ្រុប

0

ដោយ:សហការី
ប្អូនៗសិស្សានុសិស្សក្រីក្រប្រមាណជាង ៤០០នាក់ និងគណៈគ្រប់គ្រងអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា បង្ហាញពីក្ដីរំភើបរីករាយក្នុងការទទួលនូវអគារថ្នាក់រៀនថ្មី រួមជាមួយសម្ភារសិក្សា និងសម្ភារអនាម័យមួយចំនួនពី ប៉េង ហួត គ្រុប ខណៈការបរិច្ចាគនេះ គឺនឹងជួយសម្រួលបន្ទុកសិក្សារបស់ប្អូនៗជាសិស្ស និងភាពខ្វះខាតមជ្ឈមណ្ឌល អប់រំមាតុភូមិខ្មែរ នៃអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ដែលកំពុងផ្ដល់ការបណ្ដុះបណ្ដាលសេវាអប់រំឥតគិតថ្លៃ ដល់ប្អូនៗសិស្សានុសិស្សក្រីក្រប្រមាណជាង ៤០០នាក់ និងឱកាសការងារដល់បុគ្គលិកគ្រូបង្រៀនជាជនពិការជាច្រើននាក់ផងដែរ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌល អប់រំមាតុភូមិខ្មែរ ភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នារព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

នេះគឺជាលើកទីពីរដែរ ប៉េង ហួត គ្រុប បរិច្ចាគសម្ភារសិក្សា និងសម្ភារអនាម័យ ដល់មជ្ឈមណ្ឌល អប់រំមាតុភូមិខ្មែរ នៃអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ស្របពេលដែលក្នុងឆ្នំា២០២២ ប៉េង ហួត គ្រុប បានបរិច្ចាគការសាងសង់អគាសិក្សាមួយខ្នង និងសម្ភារសិក្សាមួយចំនួនរួចមកហើយ។  ជាមួយគ្នានេះ ​​ក្រុមហ៊ុនសង្ឃឹមថាអគារសិក្សា និងសម្ភារគាំទ្រការសិក្សានេះ នឹងចូលរួមចំណែកលើកកម្ពស់ការអប់រំ ហើយនឹងជួយការសិក្សារបស់ពួកគេឆ្ពោះទៅសម្រេចគោលដៅនាថ្ងៃអនាគត។  ​​

ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលការបរិច្ចាគនេះគឺជាការងារសង្គមនៃបង្គោលទី១ ដែលផ្ដោតលើការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ការសាងសង់សាលារៀន ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រ ការចែករំលែកចំណេះដឹងតាមរយៈការរៀបចំសិក្ខាសាលា និងការយកចិត្តទុកដាក់បរិច្ចាគនូវសម្ភារសិក្សាដល់ប្អូនសិស្សានុសិស្សក្រីក្រតាមតំបន់ខ្វះខាតជាច្រើនទៀត។ ខណៈការអប់រំគឺជាថ្នាលបណ្តុះបណ្តាលចំណេះវិជ្ជាដ៏សំខាន់ និងជាអនាគតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។   ​

សូមរំលឹកថា អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០០៦ និងទទួលស្គាល់ពីទីស្ដីការគណៈរដ្ឋមន្រ្តី ដោយក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០០៦។ គោលបំណងដើម្បីផ្ដល់មធ្យោបាយតាមរយៈការផ្ដល់ការអប់រំឥតគិតថ្លៃដល់កុមារកម្ពុជា ជាមួយកម្មវិធីសិក្សាថ្នាក់មត្តេយ្យសហគមន៍ ការអប់រំថ្នាក់បំប៉ន​ភាសា​អង់​ភាសាបរទេស ដោយអង្គការធ្វើការផ្ដល់មូលនិធិដោយផ្ទាល់ដល់កុមារ និងគ្រួសាររបស់ពួកគេ ឬ ដោយប្រយោលតាមរយៈអង្គការក្នុងស្រុកនានាដែលអនុវត្តកម្មវិធីមនុស្សធម៌ ដើម្បីធ្វើឱ្យប្រសើឡើងនូវជីវភាពរបស់កុមារ និងគ្រួសារដែលងាយរងគ្រោះ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here