ដំណឹងល្អៈ ក្រុមហ៊ុនធំៗចំនួន២គ្រោងបោះទុនជាង១០០០លានដុល្លារផលិតកង់ឡាននៅកម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុនធំៗថ្មីចំនួន២ទៀត គ្រោងបោះទុនវិនិយោគជាង១០០០លានដុល្លារនៅកម្ពុជា​ លើការផលិតសំបកកង់ឡានដើម្បីនាំទៅរបរទេស ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនហើយកំពុងផលិតសំបកកង់ឡាន​នាំទៅលក់នៅទីផ្សារអឺរ៉ុប។

ថ្មីៗនេះកម្ពុជាកំពុងទាក់ទាញក្រុមហ៊ុន២ទៀត ដែលគ្រោង បោះទុនវិនិយោគលើ ការផលិតសំបកកង់ឡាននៅកម្ពុជា សម្រាប់នាំយកទៅលក់នៅទីផ្សារអន្តរជាតិដែរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃ ទី​២៨មេសា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា។

សម្តេច​​បន្តថា ក្រុមហ៊ុនចំនួន២ទៀត ដែលគ្រោងបោះទុនវិនិយោគនៅកម្ពុជានោះ គឺមានក្នុងទំហំទឹកប្រាក់១០០០លានដុល្លារ។ ក៏ប៉ុន្តែនៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុន គ្រោងបោះទុនវិនិយោគក្នុងចំនួន៥០០លានដុល្លារសិន។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែតបានណែនាំក្រុមហ៊ុនរោងចក្រផលិតសំបកកង់រថយន្តនោះ ចាប់ដៃសហការ ជាមួយសមាគមជ័រកៅស៊ូដើម្បីគាំទ្រដំណាំកៅស៊ូនៅកម្ពុជា។

សម្តេចបន្តថា “ក្នុងអាណត្តិដែលខ្ញុំដឹកនាំ ខ្ញុំនឹងបន្តជំរុញឱ្យកាន់​តែមុតស្រួច នៅក្នុងការបង្កើននូវលទ្ធភាពបែបនេះ ជូនប្រជាជនរបស់យើង”។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា ក្នុង១ត្រីមាស ឆ្នាំ២០២៤ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន១០៦គម្រោង ដែលមានទុនប្រមាណ២ ២០០លានដុល្លារ។ ក្នុងនោះខេត្តកំពង់ស្ពឺ និងស្វាយរៀង មាន​រហូតដល់​ទៅ​៤៩គម្រោង។CDC បានបញ្ជាក់ថា គម្រោងទាំង១០៦នេះ អាចបង្កើតការងារឱ្យពលរដ្ឋបានជាង១០៧ពាន់កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here