ក្រុមហ៊ុនសេវាកម្មអាហារលំដាប់កំពូលកូរ៉េខាងត្បូង CJ Foodville ឈានជើងចូលមកកាន់កម្ពុជាជាផ្លូវការហើយ

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រុមហ៊ុនសេវាកម្មអាហារលំដាប់កំពូល មកពីកូរ៉េខាងត្បូង CJ Foodville បាននិងកំពុងចាប់ផ្តើមពង្រីកទីផ្សាររបស់ខ្លួននៅក្រៅប្រទេស ក្នុងតំបន់អាស៊ាន ដោយបានបើកហាងថ្មីឈ្មោះ Tous Les Jours នៅក្នុងប្រទេសកម្ពុជា។

តួយ៉ាង ក្រុមហ៊ុនCJ Foodville បានចុះហត្ថលេខាលើកិច្ចសន្យាលក់សិទ្ធិផ្តាច់មុខជាមួយក្រុមហ៊ុន EFG ដែលជាក្រុមហ៊ុនសិទ្ធិផ្តាច់មុខភោជនីយដ្ឋានលំដាប់ពិភពលោក ដោយបានបើកដំណើរការហាង Tour Les Jours ចំនួន២ដំបូងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ហាង Tous Les Jours ទី១ មានទីតាំងនៅលើផ្លូវកម្ពុជាក្រោម។ ហាងនេះស្ថិតនៅក្នុងតំបន់ ដែលមានចរាចរណ៍មមាញឹកខ្លាំងរវាងទីតាំងសំខាន់ៗមួយចំនួន នៅរាជធានីភ្នំពេញ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគ្រឹះស្ថានកម្សាន្តផ្សេងៗ។CJ Foodville bolsters Tous Les Jour for Cambodian bakery market - The Korea  Times

ចំណែក ហាង Tous Les Jours ទី២ មានទីតាំងនៅសង្កាត់ទួលទំពូង ដែលស្ថិតនៅក្នុងតំបន់ដែលមានអ្នកស្រុក និងភ្ញៀវទេស​ចរណ៍មកលេងជាញឹកញាប់ នៅជុំវិញផ្សារតាមដងផ្លូវ និងតំបន់លំនៅដ្ឋាន។ ហាងទាំងពីរនេះមានការរចនាផ្នែកខាងក្នុង ដ៏ប្រណីតចុងក្រោយបំផុត របស់ក្រុមហ៊ុនសម្រាប់ម៉ាកយីហោនេះ ដោយបម្រើនំជាង៤០០ប្រភេទផ្សេងៗគ្នា។

ក្រុមហ៊ុន CJ គ្រោងនឹងបើកហាង Tous Les Jours យ៉ាងហោចណាស់ចំនួន៣បន្ថែមទៀត នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤នេះ។ ការពង្រីកខ្លួននេះ ជាផែនការរបស់ក្រុមហ៊ុន ក្នុងការបង្កើតមូលដ្ឋានទីផ្សារនំបុ័ងរបស់ខ្លួន និងផ្សព្វផ្សាយមូលដ្ឋានបន្ថែមទៀតទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។

មន្ត្រីមួយរូបរបស់ក្រុមហ៊ុនបានលើកឡើងថា “ហាង Tous Les Jours ថ្មីរបស់យើងនៅក្នុងប្រទេសកម្ពុជា មានអត្ថន័យជាច្រើន ព្រោះហាងទាំងនេះ នឹងក្លាយជាស្ពានភ្ជាប់ផែនការនាពេលខាងមុខរបស់យើង ក្នុងការពង្រីកទីផ្សារនំបុ័ង របស់យើងនៅក្រៅប្រទេស និងទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលស្ថិតនៅជិតខាងកម្ពុជា”។

បច្ចុប្បន្ននេះ ក្រុមហ៊ុនខាងលើកំពុងដំណើរការម៉ាកយីហោហាង Tous Les Jours ជាង៤០០ទីតាំង នៅក្នុងបណ្តាប្រទេសចំនួន៧ រួមទាំងសហរដ្ឋអាមេរិក កាណាដា ឥណ្ឌូនេស៊ី និងវៀតណាម៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here