វិភាគៈ គំរោងព្រែកជីកហ្វូណនតេជោតម្លៃប្រវត្តិសាស្រ្ត ឯករាជ្យភាព ឆ្ពោះទៅកសាងចលនាជាតិនិយម

0

ដោយៈ យិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)

ភ្នំពេញៈ ប្រវត្តិសាស្រ្តត្រូវបានរម្លឹកឡើងវិញ ដើម្បីបង្កើតនូវការចងចាំមួយក្នុងសន្តានចិត្តខ្មែរ និងជម្រុញកំលាំងនៃចលនាជាតិនិមួយ ដែលមេដឹកនាំប្រទេសមួយនេះ បាននិងកំពុងធ្វើសម្រាប់ប្រជាជាតិខ្លួនឯង ស្គាល់ខ្លួនឯង និងស្រលាញ់ទឹកដី ជាតិសាសន៍របស់ខ្លួន។

ការបង្កអរិយភាពរបស់ប្រទេសវៀតណាម បាននិងកំពុងធ្វើឲ្យខ្មែរមើលឃើញថា ជាតិសាសន៍ដែលរស់នៅក្បែរខាងនេះ មិនមានចេតនាណាមួយ ក្នុងការរស់នៅក្នុងសហគមន៍ ដែលមានភាពសុខ​ដុម និងប្រកបដោយភាពស៊ីវិល័យឡើយ។
វាមិនមានផលចំណេញសម្រាប់ប្រទេសវៀតណាមឡើយ ដែលប្រឆាំងគំរោងនេះ ផ្ទុយទៅវិញវាចំណេញដល់កម្ពុជា លើទិដ្ឋភាពជាច្រើនដូចជា ទី១ បង្កើតឲ្យប្រជាជាតិដែលធ្លាប់កំសត់មួយនេះ ស្រ​លាញ់ និងការពារទឹកដីរបស់ខ្លួន ទី២ ជាការបង្ហាញទៅកាន់ពិភពលោកថា កម្ពុជារស់នៅក្នុងភាពឯករាជ្យ និងអាចការពារបាននូវបូរណភាពទឹកដីរបស់ខ្លួន ទី៣ វាបង្ហាញទៅកាន់អន្តរជាតិថា ប្រទេសវៀតណាម ជាប្រទេសដែលមិនស៊ីវិល័យ និងកំពុងរំលោភធម្មនុញ្ញអាស៊ាន។

មនោគមវិជ្ជាហូ ជីម៉ិញ
ការបន្តមនោគមវិជ្ជារបស់លោកហូ ជីម៉ិញ ដើម្បីលេបឥណ្ឌូចិន(កម្ពុជា ឡាវ) នៅតែស្ថិតក្នុងផែនការរបស់ពួកគេ ហេតុនេះកូនខ្មែរគួរដឹងពីមហិច្ឆតានេះ និងរៀបចំខ្លួន ដើម្បីការពារប្រទេសរបស់យើងនាពេលអនាគត។

ហេតុនេះប្រជាជាតិមួយ ដែលស្គាល់ខ្លួនឯងច្បាស់ជាអ្នកណា កំពុងធ្វើអ្វី និងត្រៀមខ្លួនបែបណា ដើម្បីការពារជាតិរបស់ខ្លួន និងរួមដៃកសាងប្រទេសជាមួយរាជរដ្ឋាភិបាល ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សង្គមជាតិមួយមានភាពរ៉ឹងមាំ និងក្លាយជាអរិយជនពិតប្រាកដ។

មធ្យោបាយដែលមេដឹកនាំវៀតណាម បានប្រើប្រាស់វិទ្យាស្ថានកាន់ធើ ដើម្បីលើកឡើងពីការព្រួយបារម្ភ និងផលប៉ះពាល់របស់គំរោងនេះ មិនមែនជារឿងថ្មីរបស់ពួកគេនោះទេ ចេតនាជាប្រវត្តិ​សាស្រ្តនេះ បាននិងកំពុងបន្តដោយមនោគមវិជ្ជា ដែលសាបព្រួសដោយបុរសខ្លាំងហូ ជីម៉ិញ។

មហិច្ឆតាឥតព្រំដែន ក្នុងការប៉ុនប៉ងលេបឥណ្ឌូចិន ម្តងហើយម្តងទៀត គួរតែបញ្ចប់ក្នុងសន្តានចិត្តមេដឹកនាំ និងប្រជាជនវៀតណាមជំនាន់ក្រោម ដែលពិភពលោកគួរកសាង និងរួមរស់ក្នុងសហគមន៍មួយ ដែលពោរពេញដោយស្នាមញញឹម និងវិបុលភាពរួមគ្នា។

តម្លៃមេដឹកនាំ និងមនោគមវិជ្ជា
ការកសាងប្រទេសមួយ និងការវាតទីនិយម បានធ្វើឲ្យកម្ពុជារងគ្រោះអស់រយៈពេលរាប់រយឆ្នាំមកហើយ ដោយសារភាព”អញនិយម​”ដែលបង្កឡើង ដោយមេដឹកនាំក្រោយសម័យអង្គរ ដែលជាមូលហេតុធំទី១ ធ្វើឲ្យនគរខ្មែរធ្លាក់ក្នុងឱនភាព ប៉ុន្តែនៅចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១នេះ ទឹកដីខ្មែរបានទទួលសុខសន្តិភាពពេញលេញ ខ្មែរបានរួបរួមគ្នាក្នុងសម្លេងតែមួយ និងមានបង្គោលព្រំដែនគោកច្បាស់លាស់។

សមិទ្ឋផលទាំងនេះ  កើតមានឡើងដោយសារការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនអតីនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបន្តដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងដើរលើកម្រាលព្រំមាស ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ឋានៈជាប្រទេសមួយ ដែលមានភាពស្មើមុខស្មើមាត់ និងជាអរិយប្រទេសជាថ្មីនៅឆ្នាំ២០៥០ខាងមុខ។

ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំ របស់សមាគមឧកញ៉ាកម្ពុជាកាលពីចុងសប្តាហ៍មុន សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា ដែលបានផ្តួចផ្តើមគំរោងជីក​ព្រែក​ហ្វូណនតេជោ បានផ្ញើរសារច្បាស់ៗទៅកាន់មេដឹកនាំវៀតណាម និងប្រជាជាតិរបស់ខ្លួនឲ្យរួបរួមគ្នាគាំទ្រ គំរោងដ៏មានសារៈសំខាន់នេះ។

សម្តេចសង្កត់ធ្ងន់ថា មូលហេតុដែលសម្តេចថ្លែងដោយបើកចំហបែបនេះ ដោយសារតែក្រុមអ្នកស្រាវជ្រាវវៀតណាម បានលើកឡើងដដែលៗ ពីផលប៉ះពាល់អវិជ្ជមាន នៃគម្រោងព្រែកជីករបស់កម្ពុជាលើទន្លេមេគង្គ ហើយថ្នាក់ដឹកនាំវៀតណាម ក៏មិនបានណែនាំដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យបញ្ឈប់ករណីនេះដែរ។

នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា
ជាមួយនឹងឆន្ទៈដ៏មុតស្រួច និងប្តេជ្ញាចិត្តក្នុងការជីកព្រែកហ្វូណនតេជោ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសកាលពីថ្ងៃទី២៨ មេសាថា ការជីកព្រែកនេះនឹងធ្វើឡើងឲ្យខានតែបាន នៅចុងឆ្នាំ២០២៥នេះ ឬដើមឆ្នាំ២០២៥ខាងមុខ ដោយលើកឡើងពីការសាទរក្នុងការ ដែលមានមនុស្សមួយចំនួនឲ្យបង្កើតមូលនិធិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ​ ចូលរួមបដិភាគកសាងព្រែកជីកមួយនេះ។

សម្តេចធិបតីបានបញ្ជាក់ថា “នេះជាទឹកចិត្តធំធេងណាស់ ខ្ញុំអរគុណណាស់ ទឹកចិត្តនេះមានតម្លៃធំធេងណាស់ ច្រើនជាងលុយ១០ពាន់លានដុល្លារទៅទៀត”។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបញ្ជាក់ទៀតថា “នៅក្នុងប៉ុន្មានខែឆាប់ៗខាងមុខនេះ ចូលទៅដល់កិច្ចព្រមព្រៀមមួយតង់ទៀត ខ្ញុំបានស៊ីញ៉េនៅខែតុលា កាលពីខ្ញុំធ្វើទស្សនកិច្ចនៅចិន រាជរដ្ឋាភិបាលរបស់យើងបានស៊ីញ៉េ ជាមួយក្រុមហ៊ុនរួចហើយ អំពីកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) ដែលជាកិច្ចព្រមព្រៀងក្នុងគោលការដើម្បីធ្វើ”។

សម្តេចបន្ថែមទៀតថា នៅខ្ទង់ខែកក្កដា ដល់ខែកញ្ញា ខាងមុខនេះ យើងនឹងចាប់ផ្តើមស៊ីញ៉េមួយតង់ទៀត ហើយយើងសង្ឃឹមថា នឹងអាចឈានទៅ ដល់ការបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០២៤នេះ ឫយ៉ាងយូរឆ្នាំ២០២៥ ដើម្បីធ្វើឱ្យបាន

ជាមួយសារដ៏ច្បាស់លាស់ ជាក់លាក់របស់សម្តេចតេជោ និងសម្តេចធិបតីហ៊ុន ម៉ាណែត បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរបង្ហាញជំហរគាំទ្រ និងចលនាជាតិនិយមមួយ បានកើតមានក្នុងសង្គមខ្មែរ ដែលជារឿងគួរឲ្យមោទនភាពបំផុត។

ឈ្វេងយល់ពីព្រែកជីកហ្វូណនតេជោ
ព្រែកជីកនេះ មិនមានតម្លៃត្រឹមសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាមានតម្លៃជាប្រវត្តិសាស្រ្ត ដែលតភ្ជាប់សម័យតេជោ និងសម័យហ្វូណន ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។“ហ្វូណនតេជោ” មានតម្លៃផ្នែកវ​ប្បធ៌ម ប្រវត្តិសាស្រ្ត ការពង្រឹងឯករាជភាពភាពសេដ្ឋកិច្ច សង្គមកម្ពុជាផងដែរ។

តើព្រែកជីកនេះទិដ្ឋភាពយ៉ាងដូចម្តេច? តាមឯកសារបានបញ្ជា​ក់ថា ព្រែកជីកនេះមានទិដ្ឋភាពដូចជា ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ១៨០ គីឡូម៉ែត្រ។ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ១៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។

ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។

ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ១០០ម៉ែត្រ ទទឹងខាងក្រោម៨០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា៤,៧ម៉ែត្រ)។

ទី៧ មានសន្ទះផ្លូវនាវាចរណ៍មាន៣កន្លែង ស្ពាន១១កន្លែង ផ្លូវអមសងខាងប្រវែង សរុបប្រមាណ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤ឬដើមឆ្នាំ២០២៥ខាងមុខ។

ការសាទរនិងគាំទ្រពីប្រជាជាតិ
ការកសាងនូវសមិទ្ឋផលសម្រាប់ជាតិ ដែលបាននិងកំពុងទទួលបាននូវការទះដៃ អបអរសាទរពីប្រជាជាតិខ្មែរ បាននិងកំពុងបង្ហាញទៅកាន់ពិភពលោកថា “កម្ពុជាកំពុងឈរលើភាពឯករាជ្យ បូរណភាពទឹកដី និងគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន”។

ប្រជាជាតិដែលបានឆ្លងកាត់ “ឆ្នាំសូន្យ” បានត្រលប់មកវិញជាមួយស្នាមញញឹម និងសោមន្សជាមួយមេដឹកនាំរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គម និងប្រទេសមួយនេះឲ្យស្គាល់នូវពន្លឺ និងជាអរិយជនឡើងវិញ​នៅដើមសតវត្សរ៍ទី២១ ដែលពោរពេញដោយសុខសន្តិភាពពេញក្នុងផ្ទៃប្រទេស។

ហេតុនេះប្រទេសជិតខាង គួរបោះបង់គំនិតជ្រុលនិយមរបស់ខ្លួន និងត្រលប់មករស់នៅក្នុងសង្គមមួយ ដែលមានភាពស៊ីវិល័យ និងរួមគ្នាក្នុងភាពជាបងប្អូន ដូចការលើកឡើងជារឿយៗរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here