រដ្ឋមន្រ្តីការបរទេសថៃលាលែងក្នុងពេលដែលគោលនយោបាយដោះស្រាយជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាមិនទាន់មានភាពច្បាស់លាស់

0

ដោយៈប្រែសម្រួលដោយសហសេវិក

ប្រទេសថៃៈ រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានលាលែងពីតំណែងភ្លាមៗ ដោយទុកឱ្យក្រសួងនេះនៅទំនេរ គ្មានដឹកនាំក្នុងដំណាក់កាលដ៏សំខាន់ ដែល ប្រទេសថៃ កំពុងតែធ្វើការស្វះស្វែងរកដំណោះស្រាយ នយោបាយក្នុងវិបត្តិជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

 លោក​ Parnpree Bahiddha-Nukara ដែលបានឡើងកាន់តំណែងជាថ្នាក់ដឹកនាំ ក្នុងក្រសួងការបរទេស ក្រោយពេលលោក​ Srettha Thavisin បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីដើមខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

លោកបាននិយាយកាលពីម្សិលមិញថា លោកបានលាលែងពីតួនាទីហើយ បន្ទាប់ពីគណៈរដ្ឋមន្ត្រីធ្វើការរុះរើ ដែលនាំឱ្យលោកបាត់​បង់តំណែងជាឧបនាយករដ្ឋមន្ត្រី។

រដ្ឋមន្ត្រីចំនួនបួនរូបត្រូវបានបាត់បង់មុខតំណែង នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីក្នុងពេលថ្មីៗនេះដែរ រួមមានលោក Cholnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាល  លោកChaiya Promma  អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និង​រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្រ្តី លោក Puangpet Chunlaiad ។ដោយឡែកអតីតនាយកប្រតិបត្តិ នៃក្រុមហ៊ុនថាមពលលោក Pichai Chunhavajira ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មីផងដែរ ដែលតំណែងនេះត្រូវបានកាន់ ដោយលោកនាយករដ្ឋមន្រ្តី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសេដ្ឋកិច្ចថៃរស់ឡើងវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៤ លោកParnpree បានបញ្ជាក់ពីការលាលែងពីតំណែងរបស់លោក ប៉ុន្តែមិនបានផ្តល់នូវការពន្យល់អ្វីច្រើនទេ លើកលែងតែនិយាយថា ការបាត់បង់តំណែងទីពីររបស់គាត់ នឹងរារាំងការងាររបស់គាត់ជារដ្ឋមន្ត្រីការបរទេស ហើយបេក្ខជនដែលមានសមត្ថភាពផ្សេងទៀត អាចធ្វើជាប្រធានក្រសួងនេះជំនួសគាត់

លោក Srettha បានបញ្ជាក់ប្រាប់ថា គោលបំណងនៅពីក្រោយការដកតំណែងឧបនាយករដ្ឋមន្រ្តី​ ពីលោក Parnpree ក៏ព្រោះតែចង់ឱ្យគាត់ខ្ចង់អារម្មណ៍ធ្វើការ ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស។

លោក Srettha បានថ្លែងផងដែរថា វាជារឿងធម្មតាដែលមនុស្ស មិនសប្បាយចិត្តបន្ទាប់ពីធ្វើរុះរើ ហើយថាលោកក៏បានសរសេរលិខិតទៅសុំទោស និងអរគុណលោកParnpree រួចហើយដែរ។

លោកនាយករដ្ឋមន្រ្តីបានបន្តថា អ្នកជំនួសលោក Parnpree បានជ្រើសរើសរួចរាល់ហើយ ប៉ុន្តែបដិសេធមិនបញ្ចេញឈ្មោះអ្នកស្នងតំណែងនៅឡើយ ដោយលោកគ្រាន់តែនិយាយថា គាត់គឺជាបុគ្គលមួយរូប “ដែលបានធ្វើការនៅពីក្រោយឆាក សម្រាប់គោលនយោបាយការបរទេស” របស់គណបក្សភឿថៃរបស់គាត់។

ការលាលែងពីតំណែង ដែលមិនបានរំពឹងទុកនេះ កើតឡើងនៅពេលដ៏សំខាន់ក្នុងរបត់នយោបាយ ការបរទេសថៃក្នុងជំហរនៃការដោះស្រាយបញ្ហា របស់ប្រទេសភូមិផងរបងជាមួយ ដែលកំពុងតែញាំញីដោយជម្លោះ។

លោក Parnpree ជាប្រធាននៃគណៈកម្មាធិការ ដែលបង្កើតឡើងនាពេលថ្មីៗនេះស្តីពីជម្លោះ ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយលោករៀបចំគោលនយោបាយប្រទេសថៃ ក្នុងការដោះស្រាយវិបិត្តិជម្លោះនៅប្រទេសនេះ ហើយដែលគោលនយោបាយរបស់លោកត្រូវគូរបដិបក្សរបស់របបយោធាមីយ៉ាន់ម៉ា ធ្វើការរិះគន់លោកយ៉ាងខ្លាំង ប៉ុន្តែភាពធូរស្រាលបានកើតឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​បន្ទាប់ពីប្រទេសថៃ បានអនុញ្ញាតិឱ្យជន​ស៊ីវិល ​រាប់​រយ​នាក់​ភៀស​ខ្លួន​ឆ្លង​ព្រំដែនចូលរបស់ខ្លួន ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ធ្ងន់ធ្ងរ ​ក្នុង​តំបន់​កៃអ៊ីននៃរដ្ឋការរ៉ែន តាម​បណ្តោយ​ព្រំដែន​ភាគ​ខាងលិច​ប្រទេស​ថៃ។

កាលពីខែមុន Parnpree បានចាប់ផ្តើមគំនិតផ្តួចផ្តើមមនុស្សធម៌ ដែលបាននាំការផ្តល់ជំនួយ ឆ្លងកាត់ព្រំដែនដល់សហគមន៍ ជនភៀសខ្លួន ដែលបានផ្លាស់ទីលំនៅដោយការប្រយុទ្ធ។

លោកParnpree ក៏ដើរតួនាទីសំខាន់ក្នុងការនាំឱ្យមានការជជែ​កពិភាក្សា រវាងរបបយោធានឹងគូបដិបក្សផ្សេងៗ។

ថ្លែងទៅកាន់ Voice of America នៅសប្តាហ៍នេះ មុនពេលការលាលែងរបស់លោក Parnpree ត្រូវបានប្រកាស លោក Thitinan Pongsudhirak នៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបានក្លាយជា “អាទិភាពកំពូល” សម្រាប់រដ្ឋាភិបាលរបស់លោក Srettha ។

លោកបញ្ជាក់ថា “ខ្ញុំគិតថាពួកគេចង់ធ្វើជាសម្របសម្រួល នៅកណ្តាល។ ពួកគេ​ចង់​លើក​កម្ពស់​ការ​សន្ទនា ហើយ​រដ្ឋាភិបាល ​Srettha ​ចង់​ដើរ​តួនាទី​ឈាន​មុខ​គេ” ។

លោក Thitinan បានបន្ថែមថា នេះគឺជាផ្នែកមួយនៃ “គោលបំណងគោលនយោបាយ ការបរទេសដ៏ទូលំទូលាយ និងការធ្វើឱ្យមានតុល្យភាពនៃភាគីជម្លោះ និងការដាក់ឱ្យប្រទេសថៃ ជាអ្នកនាំមុខគេក្នុងអាស៊ាន លើបញ្ហាជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា”។

នៅក្នុងការអត្ថាធិប្បាយដែលផ្តល់ទៅឱ្យ Channel News Asia អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិ របស់មីយ៉ាន់ម៉ាបាននិយាយថា ខ្លួនកោតសរសើរចំពោះ “ការគាំទ្រសម្រាប់ការចូលរួមកាន់តែទូលំទូលា​យ” របស់ Parnpree ហើយបានសម្តែងក្តីសង្ឃឹមថា អ្នកជំនួសរបស់គាត់ នឹងបន្តចូលរួមជាមួយ NUG និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិរបស់ប្រទេស។

ខណៈពេលដែលគេអាចរំពឹងថា ក្រសួងការបរទេសនឹងរក្សាគន្លងដដែល រហូតដល់ការជំនួសរបស់លោក Parnpree ត្រូវបានប្រកាស – អ្នកនាំពាក្យរដ្ឋាភិបាល Chai Wacharonke បានប្រាប់ Reuters ថា ការលាលែងពីតំណែង “នឹងមិនប៉ះពាល់ដល់ការងាររបស់រដ្ឋាភិបាលក្នុងកិច្ចការបរទេសទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here