ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បង្ហាញថា គម្រោងខុនដូលំដាប់ប្រណីតថ្មីមួយ គ្រោងនឹងបើកដំណើរការនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅក្នុង ឆ្នាំ២០២៤នេះ។
ទោះជាយ៉ាងណាក្តី ការសម្រេចចិត្តដាក់ឱ្យដំណើរការនេះ ត្រូវបានគេរំពឹងថា នឹងរងឥទ្ធិពលពីលក្ខខណ្ឌទីផ្សារ ជាពិសេសដោយសារតែឆ្នាំ២០២៤នេះ គឺជាឆ្នាំផ្លាស់ប្តូររដ្ឋាភិបាល និងនយោបាយសម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឱ្យតម្រូវការលំនៅដ្ឋាន អាចនឹងនៅមានកម្រិត សម្រាប់រយៈពេល១២ខែបន្ទាប់។
-->
នៅឆ្នាំ២០២៤នេះ ការផ្គត់ផ្គង់អាផាតម៉ិន នៅតំបន់កណ្តាលទីក្រុងហ្សាកាតា ត្រូវបានគេរំពឹងថា នឹងហូរចូលទៅក្នុងទីផ្សារបន្ថែមទៀត។ គម្រោងលេចធ្លោចំនួន២ គឺគម្រោង Ascott Menteng Jakarta និងគម្រោង Parkroyal Serviced Suites ត្រូវបានគេរំពឹងថានឹង ផ្គត់ផ្គង់លំនៅដ្ឋានថ្មីជាង៣០០យូនីតចូលទៅក្នុងទីផ្សារ។
តម្រូវការខុនដូមានការថយចុះ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ការលក់ខុនដូបានធ្លាក់ចុះ ដោយសារតែអវត្តមាននៃការបើកដំណើរការគម្រោងថ្មី ហើយអតិថិជនបានពន្យារពេលប្រតិបត្តិការទិញ ក្នុងរដូវវិស្សមកាល និងបង្ហាញការប្រុងប្រយ័ត្នជុំវិញ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីពេលកន្លងទៅ។
នៅក្នុងកំឡុងត្រីមាសទី៤ដដែល គេមិនបានសង្កេតឃើញមាន គម្រោងខុនដូលំដាប់ខ្ពស់ថ្មីណាមួយ ត្រូវបានបើកដំណើរការ ឬបញ្ចប់ការសាងសង់នោះទេ។
នៅឆ្នាំ២០២៣ អ្នកអភិវឌ្ឍន៍បានដាក់ឱ្យប្រើប្រាស់ នូវគម្រោងថ្មីចំនួនពីរ គឺគម្រោង Adriya Residence និងគម្រោង Two Senopati ។ លើសពីនេះ គម្រោងចំនួនពីរទៀត គឺគម្រោង 57 Promenade និងគម្រោង The Stature Jakarta ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆមាសទីមួយនៃឆ្នាំមុន។
ចំណែក ទីផ្សារអាផាតម៉ិន ដែលមានបម្រើសេវាកម្មដូចសណ្ឋាគារ( ឬហៅថា Serviced Apartment) បានជួបប្រទះការថយចុះនៃអត្រាទំនេរក្នុងកំឡុងត្រីមាសទី៤ បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ តម្រូវការអាផាតម៉ិន ត្រូវបានជំរុញជាចម្បងដោយភ្ញៀវទេសចរណ៍ក្នុងស្រុក ដែលស្វែងរកការស្នាក់នៅ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាករយៈពេលខ្លី៕