ថៃគ្រោងអភិវឌ្ឍន៍តំបន់ជុំវិញផ្លូវរថភ្លើងល្បឿនលឿន ទៅជាគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ

បាងកក: ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) កំពុងឈានទៅបញ្ចប់ផែនការ អភិវឌ្ឍន៍ពាណិជ្ជកម្មសម្រាប់តំបន់នានា ក្នុងខេត្តឈុនបូរី និងខេត្តឆាឈឿងសៅ ដែលជាផ្នែកមួយនៃគម្រោងរថភ្លើងល្បឿនលឿន តភ្ជាប់អាកាសយានដ្ឋានដុនមឿង សុវណ្ណភូមិ និងអ៊ូតាប៉ាវ។

លោកស្រី Sirima Hiruncharoenvate ប្រធានការិយាល័យ EEC បានលើកឡើងថា “បន្ទាប់ពីបញ្ចប់សវនាការនៅទីក្រុងប៉ាតាយ៉ាកាលពីថ្ងៃសុក្រ សប្តាហ៍មុន យើងកំពុងចងក្រងយោបល់ទៅជាសំណើសម្រាប់ការអភិវឌ្ឍន៍ ពាណិជ្ជកម្មនៅក្នុងតំបន់នេះ”។

លោកស្រី​បន្ត​ថា សំណើ​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត ​ទៅ​គណៈកម្មាធិការ​គោលនយោបាយ EEC ដើម្បី​អនុម័ត មុន​នឹង​បញ្ជូន​បន្ត​ទៅ​កាន់គណៈរដ្ឋមន្ត្រី​នៅ​ឆ្នាំ​ក្រោយ ។គម្រោង​នេះ​ រួមមាន ការសាងសង់ស្ថានីយ​សម្រាប់​ប្រព័ន្ធ​រថភ្លើង​ល្បឿន​លឿនចំនួនមួយ​កន្លែង នៅ​ទីក្រុងប៉ាតាយ៉ា (Pattaya) និង​ស្ថានីយ៍មួយកន្លែងទៀត​នៅខេត្តឆាឈឿងសៅ(Chachoengsao)។

លោកស្រី Sirima បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា គម្រោងនេះ មានគោលបំណងអភិវឌ្ឍន៍តំបន់ ជុំវិញស្ថានីយរថភ្លើង ដោយមិនតម្រូវឱ្យមានការដកហូតដី របស់ប្រជាពលរដ្ឋនោះទេ។

ទន្ទឹមនឹងនោះ ដីទំហំ២៨០រ៉ៃ(៤៤,៨ហិកតា) ស្ថិតនៅក្នុងឃុំ Na Kleau និងឃុំ tambon Nong Prue នៃស្រុក Bang Lamung ខេត្តឈុនបូរី ដែលត្រូវបានស្នើឱ្យដាក់បញ្ចូលក្នុងគម្រោងនេះ នឹងត្រូវបានបែងចែកទៅជា៣តំបន់ សម្រាប់គោលបំណងផ្សេងៗគ្នា។

លោក​ស្រី​បាន​បន្ត​ថា តំបន់​ទី១ ដែល​មាន​ផ្ទៃ​ដី៩៧រ៉ៃ(១៥,៥២ហិកតា) នឹង​ត្រូវបានសាងសង់ជា​មជ្ឈមណ្ឌល​ប្រតិបត្តិការ ​សម្រាប់​សេវា​ផ្លូវ​ដែក និង​អាជីវកម្ម​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​ផ្លូវដែក។

តំបន់ទី២ ដែលគ្របដណ្តប់លើផ្ទៃដី៨៣រ៉ៃ(១៣,២៨ហិកតា) នឹងត្រូវបានសាងសង់ទៅជាមជ្ឈមណ្ឌល ដែលអ្នកដំណើរអាចមកទទួលបានសេវា ដឹកជញ្ជូនសាធារណៈផ្សេងៗ បន្ទាប់ពីចុះពីរថភ្លើង។ ទីតាំង​នេះ​ក៏​នឹង​មានអគារប្រើ​ប្រាស់ចម្រុះ ​សម្រាប់​អាជីវកម្ម​អន្តរជាតិ ពាណិជ្ជកម្ម ទេសចរណ៍ និង​សេវាកម្មផងដែរ។

លោកស្រីបញ្ជាក់បន្ថែមថា តំបន់​ទី​៣ ដែល​មាន​ផ្ទៃដី​១០០​រ៉ៃ(១៦ហិកតា) នឹង​ត្រូវ​បានអភិវឌ្ឍ​ន៍ទៅជា​គម្រោង​លំនៅដ្ឋាន៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here