ដោយ: គង់ លាងហួរ
អន្តរជាតិ: សម្ព័ន្ធភាពមួយ ដែលដឹកនាំដោយ ក្រុមហ៊ុនម៉ៅការ El Seif Engineering របស់អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនចិន China State Construction Engineering បានក្លាយជាសម្ព័ន្ធក្រុមហ៊ុននាំមុខគេ ដែលរំពឹងថា នឹងយកឈ្នះកិច្ចសន្យាសាងសង់អគារខ្ពស់ជាងគេនៅលើពិភពលោក។
អគារនោះមានឈ្មោះថា Jeddah Tower ដែលមានកម្ពស់១.០០០ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅពេលសាងសង់រួចរាល់ អគារ Jeddah Tower នឹងមានកម្ពស់ខ្ពស់ជាងអគារ Burj Khalifa របស់ទីក្រុងឌូបៃ ចំនួនជាង១៧២ម៉ែត្រ។
អគារនេះគឺជាចំណុចកណ្តាលនៃការអភិវឌ្ឍន៍ទីក្រុងសេដ្ឋកិច្ច Jeddah ។ដំបូងឡើយ គម្រោងនេះត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣ និងបានផ្អាកទៅវិញនៅឆ្នាំ២០១៨។ ក្រោយមក គឺនៅឆ្នាំ២០២៣ គម្រោងតម្លៃរាប់ពាន់លានដុល្លារមួយនេះបានដំណើរការឡើងវិញ។
ក្រៅពីសម្ព័ន្ធក្រុមហ៊ុនទាំង២ខាងលើ ក្រុមហ៊ុន ដែលកំពុងប្រកួតប្រជែងផ្សេងទៀត រួមមាន ក្រុមហ៊ុន Consolidated Contractors (CCC) របស់ប្រទេសលីបង់ និងក្រុមហ៊ុន Mohammed Abdulmohsin Al Kharafi & Sons របស់ប្រទេសគុយវ៉ែត ដោយមានការគាំទ្រពីដៃគូអន្តរជាតិ។

ក្រុមហ៊ុន El Seif ដែលជាក្រុមហ៊ុនចុះកិច្ចសន្យាដ៏សកម្មបំផុតមួយរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ធ្លាប់ជាអ្នកម៉ៅការសាងសង់អគារកប់ពពក Kingdom Centre នៅក្នុងទីក្រុងរីយ៉ាដ។ កាលពីឆ្នាំមុន មូលនិធិវិនិយោគសាធារណៈ (PIF) បានទិញភាគហ៊ុនចំនួន២៥% នៅក្នុងក្រុមហ៊ុននេះដើម្បីគាំទ្រដល់កំណើនរបស់ខ្លួន។




